ព័ត៌មានសិល្បៈ និងកម្សាន្ត

បេក្ខភាព Mister Tourism ហ៊ី ប៊ុន្ថា ជឿជាក់បានពានមួយត្រលប់មកវិញ

ការប្រកួតមិនទាន់ចាប់ផ្ដើមផង ប៉ុន្តែបេក្ខភាព Mister Tourism and Culture Universe 2019 លោក ហ៊ី ប៊ុន្ថា ជឿជាក់បាត់ទៅហើយ ថាខ្លួននឹងឈ្នះពានមួយត្រលប់មកវិញ ជាពិសេស គឺពានអ្នកគ្រងឈុតតំណាងជាតិលេចធ្លោជាងគេ។ លោកជឿជាក់បែបនេះ គឺបន្ទាប់ពីឈុតតំណាងកាលពីឆ្នាំមុនៗ មិនអស្ចារ្យដូចគ្នា នឹងឈុតបានសម្រិតសម្រាំង ដ៏ល្អឥតខ្ចោះនេះផង ក៏បានឈ្នះពានក្នុងការប្រកួតលើឆាកអន្តរជាតិនោះ។

ការប្រកួតនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ រហូតដល់ថ្ងៃទី៣១ សីហា ដោយលោកហាក់ជឿជាក់ លើឈុតរាជបុត្រនាគរាជ ដែលច្នៃយ៉ាងផ្ចិតផ្ចង់ ពីអ្នកច្នៃម៉ូដខ្មែរ អស់ទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ ដែលយកទៅប្រកួតនោះយ៉ាងខ្លាំង។ លោក ហ៊ី ប៊ុន្ថា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេលលោកមានសំណាង បានគ្រងឈុតនេះ ដោយលោកបញ្ជាក់ថា មានសង្ឃឹមមិនក្រោម៨០ភាគរយ សម្រាប់ការទទួលពាននោះផង។

ការប្រកួតនេះ មានទាំងបេក្ខជន និងបេក្ខនារី មកពីប្រទេសផ្សេងៗ រហូតដល់ជាង៣០ នៅជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង។ ហេតុផលដែលលោកជឿជាក់ គឺដោយសារឈុតនាគរាជ ដែលបានច្នៃឡើង ជាឈុតដែលរចនាបថបែបខ្មែរ ហើយមានម៉ូដម៉ាយស្រស់ស្អាត ដែលស័ក្តសមនឹងដងខ្លួនរបស់លោកផង។ លោករំពឹងបែបនេះ គឺបន្ទាប់ពីបេក្ខជន ដែលធ្លាប់ចេញទៅប្រកួតកាលពីឆ្នាំមុនៗ ក៏ធ្លាប់ឈ្នះពានឈុត តំណាងជាតិស្អាត ធ្វើអោយពិភពលោកកាន់តែស្គាល់ពីកម្ពុជា។ លោកថាឈុតតំណាងជាតិឆ្នាំនេះ ស្រស់ស្អាតជាងមុន រចនាបថល្អជាងមុន ទើបលោកហ៑ានរំពឹង។

អតីត Frshie រូបនេះបន្ត ក្រៅតែពីបង្ហាញឈុតសំលៀកបំពាក់នាគរាជច្នៃ ដោយកូនខ្មែរ លោក ក៏ត្រៀមបង្ហាញសិល្បៈក្បាច់គុនល្បុក្កតោរបស់ខ្មែរ ទៅបង្ហាញព្រឹត្តិការណ៍នេះផងដែរ បន្ទាប់ពីបានចំណាយពេល១ខែកន្លះហ្វឹកហាត់។ លោកស្នើឱ្យទស្សនិកជន ជួយចូលរួមបោះឆ្នោតអោយខ្លួន ក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីអោយលោកមានសង្ឃឹម ដណ្ដើមពានប្រជាប្រិយភាពមួយទៀត៕

មតិយោបល់