ព័ត៌មានសិល្បៈ និងកម្សាន្ត

មាន សូនីតា ប្រាប់លក្ខណ្ឌសម្ដែងរឿង”ដើម្បីកូន”

ក្នុងចំណោមតារាសម្ដែង ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង គេកត់សម្គាល់ថា តារាសម្ដែង កញ្ញា មាន សូនីតា ជាតារាដែលហ៊ានដាក់លក្ខខណ្ឌ ទៅកាន់ផលិតករខុសពីតារាភាគច្រើន ដែលឲ្យតែផលិតករហៅសម្ដែង គឺទទួល។ នាងថា ខ្លួនមិនសូវទទួលសម្ដែងភាពយន្តនាពេលចុងក្រោយនោះទេ ដោយសូម្បីតែរឿង “ដើម្បីកូន” ដែលនាងទើបសម្ដែងមុននេះ ក៏មានលក្ខណ:ពិសេសច្រើនដែរ ទើបនាងព្រមសម្ដែង។

ថ្លែងក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងភាពយន្តរឿង “ដើម្បីកូន” នៅផ្សារអ៊ីអន១ កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២០ កញ្ញា មាន សូនីតា និយាយថា នាពេលចុងក្រោយ នាងមិនសូវសង្វាតទទួលសម្ដែង ភាពយន្តនោះទេ ជាពិសេសភាពយន្ត ដែលនាងយល់ថា មិនត្រូវចំណូលចិត្ត ឬ គិតថា សម្ដែងហើយ មិនសូវមានការគាំទ្រ។ ក្នុងនោះ ឈុតឆាកដែលមានស្នេហាស្រើបស្រាល និងស៊ិចស៊ីជាដើម គឺរឹតតែឆ្ងាយពីការចាប់អារម្មណ៍ទៀតហើយ។ ជាក់ស្ដែងនាងថា ហេតុផលនៃការទទួលសម្ដែងភាពយន្តឲ្យលោក ហ៊ុយ យ៉ាឡេង ក្នុងរឿង “ដើម្បីកូន” គឺដោយសារតែក្នុងរឿងនេះ ថ្លែងពីគុណឪពុក និងជារឿងដែលមានខ្លឹមសារអប់រំជាច្រើន ដែលនាងយល់ថា មានប្រយោជន៍ ផ្នែកអារម្មណ៍ជាច្រើន ចំពោះអ្នកទស្សនាប៉ុណ្ណោះ បើមិនដូច្នោះ បើតាមតែនាងរវល់ គឺមិនទទួលសម្ដែងនោះទេ។

នាងថានៅក្នុងរឿងនេះ នាងដើរតួជាពេទ្យ ហើយមានគុណធម៌ និងមានសកម្មភាពសប្បុរសធម៌ ដូចគ្នានឹងសកម្មភាពដែលនាងធ្លាប់ធ្វើ ទើបនាងគ្រាន់តែអានសាច់រឿងហើយ ក៏ពេញចិត្តសម្ដែង។ នាងកាន់តែសប្បាយចិត្ត ក្រោយពេលបានសម្ដែងក្នុងឈុតឆាកទាំងនោះ ហើយគ្រប់ឈុតដែលបានស្ដែងឡើង គឺសុទ្ធតែបង្កប់សារអប់រំដល់យុវវ័យគ្រប់រូប។ នាងថ្លែងបញ្ជាក់ថា “នៅពេលទស្សនារឿងលោកឪពុកនេះហើយ យើងនឹងដឹងថា តើយើងបានធ្វើអ្វីខ្លះចំពោះឪពុក តើយើងបានលះបង់អ្វីខ្លះ ចំពោះការតស៊ូរបស់ឪពុក ចំណុចសំខាន់ទាំងអស់នេះហើយ ដែលធ្វើឲ្យខ្ញុំពេញចិត្តសម្ដែងរឿង “ដើម្បីកូន”។ នាងទទូចឲ្យចូលរួមទស្សនាភាពយន្តនេះ ឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ផលិតករ និង តួសម្ដែង។

លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត បានថ្លែងផងដែរថា មួយរឿងនេះ លោកចង់រំលេចពីការតស៊ូរបស់ឪពុកម្នាក់ និងចង់គាស់កកាយឲ្យមើលឃើញ ពីការលះបង់ដ៏លំបាករបស់អ្នកធាក់ស៊ីក្លូ ដើម្បូឲ្យអាជីពរបស់អ្នកស៊ីក្លូ ដែលត្រូវគេមើលរំលងទាំងនោះ ទទួលបានការចាប់អារម្មណ៍ឡើងវិញ។ លោករំពឹងថា ភាពយន្តនេះ នឹងជោគជ័យមិនខុសពីរឿងមុនៗ ដោយសារតែនេះ គឺភាពយន្តជីវិតដែលលោកលើកយកមកឆ្លុះបញ្ចាំង៕

មតិយោបល់