ក្រោយកុងត្រាក្លាយជាតារាចម្រៀងរបស់ក្លាស៊ិក តារាសម្ដែងលោក រុន ណាកូ ចេញបាន៣បទភ្លាមៗ សម្រាប់ឱកាសមុនចូលឆ្នាំនេះ។ ក្នុងនោះបទចម្រៀង២បទ ដែលជាបទទោលរបស់លោក ត្រូវបានគេកត់សម្គាល់ពីរោះ និងប្លែកត្រចៀក បើទោះជាបទនោះ មិនមែនជា Original Song។ ផលិតកម្មក្លាស៊ិក ហាក់រំពឹងខ្លាំងថា វត្តមានតារារះថ្មីរូបនេះ នឹងក្លាយជាគ្រាប់ពេជ្រថ្មី នៅក្នុងផលិតកម្ម របស់ខ្លួននោះផង។
ហក់ចូលសិល្បៈប្រមាណតែជាង១ឆ្នាំប៉ុណ្ណោះ តែតារាសម្ដែងវ័យ២២ឆ្នាំ លោក រុន ណាកូ ត្រូវគេកត់សម្គាល់ថា ទទួលបានទីផ្សារច្រើន នៅក្នុងវិស័យសម្ដែង និងដើរម៉ូដ។ លោកកាន់តែលេចមុខលេចមាត់ ក្រោយមានឱកាសក្លាយជាក្រុមការងាររបស់ផ្ទះតារា និងជាពិធីករក្នុងវីដេអូផ្ទះតារា ដែលជាកម្មវិធីសម្ភាសន៍ដ៏ពេញនិយម របស់គ្រួសារតារាកម្ពុជា។ នេះក៏អាចជាចលករមួយ ដែលរុញឲ្យលោកឡើងកូដផងដែរ ទើបត្រូវបានផលិតកម្មក្លាស៊ិក ផ្ដល់ឱកាសឲ្យសម្ដែងជាតួឯក ក្នុងរឿង”ដំណក់ទឹកភ្នែក១លានដំណក់” និងផ្ដល់ឱកាសឲ្យក្លាយជាតារាចម្រៀងកុងត្រារយៈពេលមួយឆ្នាំ ក្រោយពីដឹងថា លោកមានសមត្ថភាពសំទ្បេងល្អ។
លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បញ្ជាក់ថា លោក រុន ណាកូ មិនត្រឹមតែជាតួឯកក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” ដែលមានរូបរាងសង្ហារ និង សម្ដែងបានល្អប៉ុណ្ណោះទេ តែលោកក៏មានសំទ្បេងល្អ មិនចាញ់តារាចម្រៀងអាជីពផងដែរ ទើបលោកសប្បាយចិត្ត ក្រោយពេលបញ្ចេញបទមេឲ្យច្រៀងចំនួន៣បទ សម្រាប់ចូលឆ្នាំ។ លោកថាលោក រុន ណាកូ មានបទផ្ទាល់ខ្លួនចំនួន៣បទ គឺបទ “កណ្ដៀវម៉ែមួយ” បទ”ចាប់យាយ ចាប់តា” ដែលជាបទទោលម្នាក់ឯង និងបទ “ចាប់កណ្ដុរ” ដែលបទច្រៀងរួមគ្នា៣នាក់ លោក បញ្ញា សិទ្ធិ និង លោក ត្រា យ៉ាកូ។
លោក រុន ណាកូ និយាយថា លោកមានក្ដីស្រម៉ៃ ចង់ក្លាយជាតារាចម្រៀងជាយូរមកហើយ ប៉ុន្តែមកពីគ្មានកម្លាំងជំរុញ និង ខ្វះទំនុកចិត្ត ទើបលោកចេះតែមិនហ៊ាន។ លោកសម្ដែងអារម្មណ៍រំភើប ដែលលោក ហួរ សុផល ផ្ដល់ឱកាសឲ្យខ្លួន និង អរគុណដល់គ្រួសារតារាកម្ពុជា ដែលធ្វើឲ្យលោកមានទីផ្សារ ក្រោយពេលក្លាយជាសមាជិក។ យ៉ាងណាមិញ លោកថាសមត្ថភាពខ្លួន នៅមានកម្រិតនៅឡើយ ដែលតម្រូវឲ្យលោកត្រូវប្រឹងប្រែងហ្វឹកហាត់ច្រើនទៀត។ និស្សិតពេទ្យ ទើបបញ្ចប់ការសិក្សារូបនេះ ប្រកាសថា នឹងប្រឹងប្រែងអាជីពជាពិធីករ និង ចម្រៀងឲ្យជោគជ័យ ខណៈដែលការសម្ដែង និង ដើរម៉ូដ ក៏នឹងចាប់មិនឲ្របូត៕
មតិយោបល់