ភ្នំពេញៈ បើទោះបីជាពិធីការិនីប៉ុស្ដិ៍ MY TV និងជាតារាសម្ដែងលេចធ្លោកញ្ញា ប៊េប៊ី បានចេញវីដេអូឃ្លីបទម្លាយឲ្យដឹងពីការរំខាន់របស់ជនមិនស្គាល់មុខម្នាក់ជាសាធារណៈរួចទៅហើយ ក៏សកម្មភាពរំខានរបស់ជនម្នាក់នោះនៅតែបន្តគំរាមកំហែងចំពោះអារម្មណ៍របស់នាងមកទល់នឹងពេលនេះ។ នាងថា ដរាបណាជនអនាមិក ដែលបានរំខាននៅតែមិនឈប់សកម្មភាព ហើយជននោះ ក៏មិនត្រូវបានកំណត់អត្តសញ្ញាណ គឺសុវត្ថិភាពរបស់នាងនឹងនៅតែបារម្ភ។
ប៊េប៊ី បានអះអាងថា ប្រហែលច្រើនថ្ងៃមកហើយ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា «បេះដូងក្ររហាម» រមែងតាមស៊ើបនូវរាល់សកកម្មភាព ដោយអាចនិយាយបាន គេដឹងថា នាងទៅណា ធ្វើអីនៅកន្លែងណាខ្លះ ដែលធ្វើឲ្យនាងមានការបារម្ភ។
ម្ចាស់ Account នេះ ក្រៅពីដឹងពីសកម្មភាពរបស់នាង ព្រោះតែបានប្រកាសស៊ើបនោះ ក៏រមែងប្រើសម្ដីរិះគន់ចំពោះនាង ដោយភាសាអាក្រក់ៗផងដែរ ទើបធ្វើឲ្យនាងលែងចង់ផុសរាល់សកម្មភាពនៅលើហ្វេសប៊ុក និងមានការខ្លាចរអាលចំពោះសុវត្ថិភាព។ នាងបានប្រកាសដាក់បណ្ដឹង ដើម្បីឲ្យក្រុមសមត្ថកិច្ចមានការវែករកម្ចាស់គណនីនោះ និងដើម្បីដឹងថា បើនាងមានអ្វីកើតឡើង គឺពិតជាមានការពាក់ព័ន្ធនឹងម្ចាស់គណនីឈ្មោះ «បេះដូងក្ររហាម» នោះ។
នាងថា មិនមែនជាការរំខានអារម្មណ៍ធម្មតាៗនោះទេ ប៉ុន្តែវាស្មើនឹងការគំរាមកំហែងផ្លូវចិត្តមួយដ៏ធំក្នុងពេល ដែលជនមិនបង្ហាញអត្តសញ្ញាណដែលបានតាំងខ្លួនជាអ្នករិះគន់នាង ដោយសម្ដីមាក់ងាយ ហើយតាមស៊ើប នឹងដឹងថា នាងទៅណាមកណាដោយឥតចន្លោះ។ នាងចាត់ទុកថា នោះជាការគំរាមកំហែងសុវត្ថិភាព ដោយក្រៅពីខ្លាចលែងចង់បង្ហោះសកម្មភាពផ្សេងៗនៅលើហ្វេសប៊ុក ក៏ធ្វើឲ្យនាងភ័យខ្លួន ពេលដើរទៅណាមកណាផងដែរ។ ក្នុងនោះនាងនៅតែបន្តឃើញម្ចាស់គណនីដដែលនោះ បន្ត Comment នូវពាក្យសម្ដីមិនល្អ បើទោះជានាងបានបង្ហោះវីដេអូឃ្លីបលាតត្រដាងពីការយាយីរបស់ម្ចាស់គណនីឈ្មោះ «បេះដូងក្ររហាម» នោះទៅហើយ។ នាងថា នាពេលកន្លងមក នាងមិនបានប៉ះពាល់របស់គេ និងមិនបានធ្វើរឿងក្ដៅក្រហាយចំពោះអ្នកណានោះទេ អ៊ីចឹងហើយទើបងឿងឆ្ងល់នៅពេលមានជនមិនស្គាល់មុខម្នាក់នេះ ស្រាប់តែចេញមុខមករំខាននាង ដែល ធ្វើឲ្យនាងមានអារម្មណ៍ភ័យរន្ធត់មិនទាន់ស្ងប់។ នាងយល់ថា ជនម្នាក់នោះអាចមានរោគចិត្ត ប៉ុន្តែនាងក៏នៅតែប្រកាន់ជំហរប្ដឹង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង៕
មតិយោបល់