ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Charlotte Holmes ទ្រហោយំ​ពេល​បាន​គ្រងរាជនីមកុដ

យោងតាមប្រភពព័ត៌មានរបស់គេហទំព័រ dailymail បានឲ្យដឹងថា អតីតបេក្ខនារីប្រឡងក្នុងកម្មវិធី Next Top Model របស់អង់គ្លេសនាង Charlotte Holmes មកពីតំបន់ Devon បានសម្រក់ទឹកភ្នែកនៅពេលដែលរូបនាងត្រូវបានប្រកាសថាជា ម្ចាស់មកុដបវរកញ្ញាអង់គ្លេសឆ្នាំ ២០១២ (Miss England 2012)។

នាង Charlotte Holmes វ័យ ២៣ ឆ្នាំបានសម្រក់ទឹកភ្នែកព្រោះតែភាពសប្បាយរីករាយនៅពេលនាងបានទទួលមកុដ Miss England 2012 ពីការប្រកួតប្រជែងក្នុងចំណោមបេក្ខភាពបវរកញ្ញា ៦០រូប។ កម្មវិធីប្រកួតរៀបចំនៅ Athena នៅក្នុងទីក្រុង Leicester។ បេក្ខនារីលេខ២ បានទៅលើនាង Anastasia Smith បេក្ខភាពមកពីតំបន់ North Yorkshire និង លេខ ៣ បានលើនាង Tamzin Cummings មកពី Sunderland People’s Choice ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងបន្តទៀតថា Charlotte Holmes បាននិយាយនៅក្នុងគេហទំព័រ Miss England ថា នាងនឹងបញ្ចេញសមត្ថភាព និង អ្វីៗដែលនាងមានទាំងអស់ដើម្បីធ្វើឲ្យ អង់គ្លេសមានមោទនភាពនៅក្នុង ចំណោមបេក្ខភាពបវរកញ្ញាដែលចូលរួមប្រកួតបវរកញ្ញាពិភពលោក (Miss World)។

Miss England នាង Charlotte Holmes នឹងតំណាងឲ្យអង់គ្លេសក្នុងការចូលរួមប្រកួតបវរកញ្ញាពិភពលោកដែល ប្រព្រឹត្តទៅនៅខែសីហានៅក្នុងប្រទេសចិនខាងមុខនេះ៕

មតិយោបល់