ព័ត៌មានសិល្បៈ និងកម្សាន្ត

​តារា​សម្ដែង​កូរ៉េ​ក្នុង​ភាពយន្ត ​G.I. Joe ​របស់​ហូលីវូត​សារ​ភាព​មាន​ស្នេហា​ជា​មួយ​នាង ​Lee ​Min ​Jung

សេអ៊ូល៖ តារាសម្ដែងកូរ៉េ វ័យ ៤២ឆ្នាំ គឺលោក Lee Byung Hun បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី ១៩ខែសីហា កន្លងទៅនេះថា លោកពិតជាបានបណ្ដើរគ្នា និងមានទំនាក់ទំនងជាមួយនឹងតារាសម្ដែងស្រីកូរ៉េគឺនាង Lee Min Jung។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងមានចុះផ្សាយថា លោក Lee Byung Hun ដែលជាតារាសម្ដែងរបស់កូរ៉េខាងត្បូងបានសារភាពថា លោកពិតជាមានទំនាក់ទំនងគ្នាជាមួយនឹងតារាសម្ដែងស្រីរបស់កូរ៉េខាងត្បុងគឺនាង Lee Min Jung។

តារាសម្ដែងប្រុសវ័យ ៤២ឆ្នាំរូបនេះ បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា លោក និងនាង Lee Min Jung វ័យ ៣០ឆ្នាំ ពិតជាបានទាក់ទងគ្នាមែន ហើយលោកក៏ចង់ក្លាយជាមនុស្សសំខាន់មួយសម្រាប់តារាសម្ដែងស្រីរូបនេះផងដែរ។

Lee Min Jung តារាសម្ដែងរូបនេះ ត្រូវបានលេចខ្លួនឡើងនៅក្នុងភាពយន្តភាគរឿង “Boys Over Flowers” និងរឿង “Midas” ហើយបើយោងតាមការចុះផ្សាយនៅលើប្លក់មួយបានឲ្យដឹងថា ជាដំបូងនាងក៏ពិបាកក្នុងការសម្ដែងនូវទំនាក់ទំនងរបស់នាងចេញមកក្រៅ ដើម្បីបង្ហាញដល់មហាជន និងអ្នកគាំទ្រផងដែរ តែនៅពេលនេះ នាងបានសម្រេចចិត្តប្រកាសវាដើម្បីឲ្យមនុស្សគ្រប់រូបដឹងពីរឿងនេះ ជាពិសេសគឺក្រុមអ្នកគាំទ្រ។

បើទោះជានាងបានសារភាពពីទំនាក់ទំនងនេះពិតមែន ប៉ុន្តែនាងបានបដិសេធទៅលើពាក្យចចាមអារ៉ាមមួយដែលបាននិយាយថា នាងនឹងរៀបការជាមួយតារាសម្ដែងវ័យ ៤២ឆ្នាំនេះ នៅខែវិច្ឆិកា ឆ្នាំ២០១២ ហើយនាងក៏មិនទាន់ប្រកាសថានឹងរៀបការនៅពេលនោះទេ៕

មតិយោបល់