កាលពីថ្ងៃទី ២០ ខែ សីហា ម្សិលមិញនេះដែរ នៅលើគណនីគេហទំព័រ YouTube របស់ លោក សាយ កែវសុខ ដែលជាអ្នកដឹកនាំ និងកាត់តដ៏ឆ្នើមនៅក្នុងផលិតកម្ម U2 បានបង្ហាញវីដេអូឃ្លិប ទាក់ទងអាលប៊ុមថ្មីរបស់ ផលិតកម្មខ្លួន ស្ថិតក្នុងស៊ីឌីវ៉ុលទី ២៥ ដែលជាអាលប៊ុមផ្កាស្រពោន។
វិដេអូឃ្លិបផ្សព្វផ្សាយបែបលក្ខណៈជន្លនេះដែរ មានរយៈពេល ៨ នាទី និង ២៩ វិនាទី ដោយក្នុងនោះមានតារាចម្រៀង ស៊ុន ហេងវាសនា ចាប់ដៃគូច្រៀងជាមួយនឹង កញ្ញា ផល សុរ៉ាន់យ៉ា ជាមួយនឹងបទចម្រៀងក្រោមចំណងជើងថា “ផ្កាស្រពោន” និពន្ធដោយកវីក្លែមសម្តីក្នុងអត្ថន័យចម្រៀង មិនចេះរីងស្ងួត លោក នាគរាជ។ចំណែកបទបង្ហាញទី ២ ក្រោមចំណងជើងថា “រៀនចប់ កាលណាសន្យាវិលវិញ” ច្រៀងដោយ ឆោម នរៈសំនៀង បទទី ៣ ជាបទ “ចុះចាញ់” ច្រៀងដោយ កញ្ញា សេង ដាលីន និងបទចុងក្រោយនៅក្នុងវិដេអូឃ្លិបនេះដែរ ច្រៀងដោយ តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្ម U2 លោក ខេង ជាមួយនឹងបទ “រកលុយដើម្បីរៀបការ”។
លោក សាយ កែវសុខ ដែលជាអ្នកដឹកនាំសម្តែង នៅក្នុងផលិតកម្ម U2 បានឲ្យដឹងថា តាមរយៈអាលប៊ុមស៊ីឌី ទី ២៥ លោករំពឹង នឹងទទួលបានប្រជាប្រិយភាព និងការគាំទ្រពីប្រិយមិត្តជិតឆ្ងាយរបស់ខ្លួន នៅពេលអាលប៊ុមនេះចេញលក់លើទីផ្សារនាពេលខាងមុខ។
បញ្ជាក់ផងដែរថា បទចម្រៀង មុនៗរបស់ផលិតកម្ម U2 តាំងពីវ៉ុលដំបូង និងវ៉ុលទី ២០ ជាង សុទ្ធតែជាអាលប៊ុមដែលបំបែកទីផ្សារ និងទទួលបានការគាំទ្រមិនចាញ់ផលិតកម្មធំៗនៅពេលបច្ចុប្បន្ននោះទេ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់