ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់បានឈ្នះផ្ទះថ្មី១ខ្នង តម្លៃ ១,៤ លានដុល្លារអាមេរិក ក្នុងចាប់ឆ្នោតផ្សងសំណាងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

មេចុងភៅអាយុ ៣៥ ឆ្នាំម្នាក់ បានឈ្នះរង្វាន់ធំ ក្នុងចាប់ឆ្នោតផ្សងសំណាង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ គាត់ បានឈ្នះផ្ទះថ្មី១ខ្នង តម្លៃ ១០,៨ លានដុល្លារហុងកុង ឬ ១,៤ លានដុល្លារអាមេរិកក្នុងអាផាតមិនមួយកន្លែង។

 

ការចាប់ឆ្នោត ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ប៉ុន្តែមានតែថ្ងៃពុធ ទី១៥ ខែកញ្ញានេះ ឈ្មោះរបស់អ្នកឈ្នះ ត្រូវបានបង្ហាញជាសាធារណៈ។

នៅក្នុងវីដេអូសម្ភាសមួយ អ្នកមានសំណាងដែលមានឈ្មោះ លី បានរៀបរាប់ថា៖ “ខ្ញុំបានដឹងពីការឈ្នះរង្វាន់នៅថ្ងៃនោះ នៅពេលខ្ញុំអានព័ត៌មានពេលទិញអាហារថ្ងៃត្រង់។ ខ្ញុំឃើញថា សន្លឹកឆ្នោត និងលេខអត្តសញ្ញាណបណ្ណ មើលទៅដូចរបស់ខ្ញុំដែរ។ នៅពេលនោះខ្ញុំពិតជាភ័យខ្លាំងណាស់។ តើអាចជាខ្ញុំទេ?”

វីដេអូបង្ហាញពី លោក លី បានទៅដល់ផ្ទះថ្មីរបស់គាត់ថែមទៀតផង។ មនុស្សជាង ២,៥ លាននាក់បានចូលរួមក្នុងការចាប់ឆ្នោត។ នេះបើយោងតាមអ្នកឧបត្ថម្ភឆ្នោតនេះ គឺក្រុមហ៊ុនស៊ីណូគ្រុប និងក្រុមហ៊ុនចិន អ៊ីស្តេតហូលឌីងលីមីតធីត។ អ្នកឈ្នះចំនួន ២០ នាក់ទៀត បានឈ្នះទឹកប្រាក់ ១០០.០០០ ដុល្លារហុងកុង (១២.៨៥៥ ដុល្លារអាមេរិក) ផងដែរ។

អ្នកឧបត្ថម្ភ គ្រោងចាប់ឆ្នោតលើកទី២ រួមមានអាហារូបករណ៍ចំនួន ២០ កន្លែង ដែលមានតម្លៃ ២០០.០០០ ដុល្លារហុងកុង (២៥.៧១១ ដុល្លារអាមេរិក) សម្រាប់ប្រជាជនហុងកុងដែលមានអាយុចន្លោះពី ១២ ឆ្នាំទៅ ១៨ ឆ្នាំ។ ហើយប្រសិនបើប្រជាជនចំនួន ៥ លាននាក់ នៅក្នុងទីក្រុងហុងកុង បានចាក់វ៉ាក់សាំងយ៉ាងតិច១ដូស នៅថ្ងៃទី៣០ ខែកញ្ញានោះ ពួកគេ នឹងរៀបចំការចាប់ឆ្នោតផ្សងសំណាងផ្ទះ១ខ្នងទៀត។

គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែកញ្ញា មនុស្សចំនួន ៤,៤ លាននាក់ បានទទួលដូសដំបូងរបស់ពួកគេ នៅទីក្រុងហុងកុង៕

មតិយោបល់