លោកញាញ ទិត្យភាព ជាអ្នកកែច្នៃសម្បកកង់ឡាន ម៉ូតូ ស្ថិតនៅក្នុងភូមិ ចំបក់ទន្សាយ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅ ជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង១ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់កន្លែងតែម្តង ។
លោកបន្តថា សម្រាប់ ផលិតផលកែច្នៃដោយដៃនេះ គឺផ្ដោតយកសម្បកកង់ឡាន និងកង់ម៉ូតូដែលគេបោះចោល ហើយលាងសម្អាតវាមកផលិតនិងបានសម្រិតសម្រាំងយកគុណភាពជាចម្បង។
លោកបន្តថា មូលហេតុដែលចាប់យករបរនេះ ដោយ សារតែលោកធ្លាប់ជាអតីតនិស្សិតរៀននៅសាកលវិទ្យា ល័យភូមិន្ទវិចិត្រសិល្បៈ ហើយលោកក៏បានខិតខំសិក្សាស្វែងយល់ពីបច្ចេក ទេសផលិតតាមប្រព័ន្ធអ៊ីនធើណិត ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ណាមួយ អាចជួយកាត់បន្ថយការបំពុលផ្នែកបរិស្ថានផងដែរ ។
«ការច្នៃប្រឌិតរូបកង់ឡាននេះខ្ញុំមានមូលដ្ឋានគ្រឹះស្រាប់ ដោយសារតែខ្ញុំធ្លាប់ជាអតីតសិស្សសាលាវិចិត្យសិល្បៈរៀនផ្នែកគំនូរ ដល់ហើយទៅខ្ញុំក៏មើលតាមយូធូប នឹកឃើញថារបរនឹងវាប្លែក វាប្លែកភ្នែក ហើយខ្ញុំចូលកែច្នៃ ចឹងខ្ញុំក៏ព្យាយាមកែច្នៃវារហូតបានជោគជ័យដល់សព្វថ្ងៃនេះទៅ»។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់រមណីយដ្ឋានទាំងអស់ ចូល រួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើង ផលិតបាន ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជនដែលបានផលិត រួមទំាងចូលរួមថែរក្សាធនធាន បរិស្ថានផងដែរ។
សូមបញ្ជាក់ថា លោកញាញ ទិត្យភាព បានចាប់ផ្ដើមកែច្នៃកង់់ឡាន ម៉ូតូនេះ នៅឆ្នាំ ២០២០ ដោយមានសមាជិកចំនួន៥នាក់ និងមានផលិត ផលកែច្នៃរួមមាន៖ រូបសត្វសេះ សត្វគ្រុឌ សត្វក្រពើ សត្វស្វាគីងកុង និងផលិតផលផ្សេងៗសម្រាប់តាំងលម្អ តាមហាង គេហដ្ឋាន សាលា រៀន និងរមណីយដ្ឋានជាដើម ៕
ប្រភព៖ AKP
មតិយោបល់