ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយពាក្យបែបនេះ ក្រោយបទ «Are You Ok?» បំបែកកំណត់ត្រា ក្លាយជាចម្រៀងរបស់កម្ពុជាមានអ្នកចូលមើលច្រើនជាងគេ

(ភ្នំពេញ)៖ ពិតណាស់ មហាជនជ្រាបមកហើយ ឬក៏បានស្តាប់និងទស្សនារួចមកហើយ បទចម្រៀង Are You Ok ដែលត្រូវបានបកស្រាយដោយកញ្ញា តន់ ច័ន្ទសីម៉ា តារាចម្រៀងផលិតកម្ម Galaxy ដែលពេលនេះ មានការផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់ អ្នកគាំទ្រក្នុងប្រទេស និងជនបរទេស ខណៈត្រឹមតែ៩ម៉ោង មានចំនួនអ្នកចូលទស្សនាលើ YouTube រហូតដល់១លាន។ ប្រការនេះបានធ្វើឲ្យបទ «Are You Ok?» ក្លាយជាចម្រៀងទី១ នៅកម្ពុជាដែលបានបំបែកកំណត់ត្រាមមានអ្នកចូលទស្សនាច្រើនបំផុត ក្នុងពិភពចម្រៀងកម្ពុជា។

បើតាមសំណេរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ដូច្នេះ «ជោគជ័យមិនត្រូវអំនួត បរាជ័យមិនត្រូវយំ។ លើលោកនេះគ្មានអ្វីឋិតថេរ ចេះគោរពអ្នកដទៃទើបជាការល្អ សិល្បៈមានតែពាក្យថាត្រូវតែរួមដៃគ្នា យើងជាជនជាតិខ្មែរ យើងត្រូវតែប្រឹងរួមគ្នាដើម្បីប្រទេសជាតិយើង»។

គួររំលឹកផងដែរថា បទចម្រៀង «Are You Ok?» មួយបទនេះ ដំបូងឡើយត្រូវបានមហាជន ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់មិនស្ទើរឡើយ ចំពោះឈុតឆាកមួយចំនួនដែលត្រូវបានចាត់ទុកថា មិនសមរម្យ ព្រោះតែមានកូនសិស្សស្រីៗ កាន់កាំភ្លើង រាំនៅក្នុងថ្នាក់រៀនថែមទៀត។ តែយ៉ាងណា ផលិតកម្មបានសម្រេចកាត់ឈុតដែលរងការរិះគន់នោះចោលវិញ ដោយមិនមានក្នុងវីដេអូផ្លូវការឡើយ។

គួរជម្រាបថា បទ «Are You Ok?» ច្រៀងដោយកញ្ញា តន់ ច័ន្ទ សីម៉ា បានបំបែកកំណត់ត្រា និងបង្កើតប្រវត្តិសាស្ត្រថ្មីដំបូងបង្អស់ ក្នុងប្រទេសកម្ពុជា ដែលទទួលបានចំនួនអ្នកចូលមើលរហូតដល់ ៤លានដង ក្នុងរយៈពេល២៤ម៉ោងដំបូង ខណៈចម្រៀងនេះ ក៏ត្រូវបានគេដឹងថា ប្រើប្រាស់បច្ចេកទេសថត ដោយកាមេរ៉ាទំនើបផងដែរ៕

មតិយោបល់