ភ្នំពេញៈ ក្រោយពីបើកសវនាការលើអង្គសេចក្តីសាកសួរដេញដោលអស់រយៈពេលប្រមាណ២ម៉ោងកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនោះ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ស៊ុត ឌីណា ភេទប្រុស អាយុ៤៥ឆ្នាំ អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ដាក់ពន្ធនាគារកំណត់រយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ចំនួន២បទល្មើស ទី១បទ កេងយកប្រយោជន៍ដោយខុសច្បាប់ និងទី២បទ រំលោភអំណាចប្រព្រឹត្តនៅស្ថានទូតប្រទេសកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទោសយោងតាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ ន៨ងតាមមាត្រា៣៥ ច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ស៊ុត ឌីណា បានថ្លែងថា លោកពិតជាបានយកលុយ ថ្លៃទិដ្ឋការចំនួន ១១៦ ៩៩៥ ដុល្លារ ដែលត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាចំណូលជាតិ ទៅចំណាយលើថ្លៃអគារស្ថានទូត និងចំណាយរដ្ឋបាលនានាក្នុងស្ថានទូតប្រាកដមែន ព្រោះតែស្ថានទូតមិនទាន់មានប្រាក់បង្វិលលើការចំណាយ។ ប៉ុន្តែលុយទាំងអស់នឹងត្រូវសងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញនៅពេលក្រសួងការបទេស ផ្តល់ខ្ទង់ចំណាយទៅឲ្យស្ថានទូត។ លោកបន្តថា ក្រោយពេលលោកទទួលតំណែងជាឯកអគ្គរាជទូតថ្មីនៅប្រទេសកូរ៉េខាងត្បូងនោះ គឺស្ថានទូតបានជំពាក់លុយថ្លៃអគារមួយចំនួន រហូតដល់ម្ចាស់អគារចង់បញ្ឈប់ការជួលអគារនោះឲ្យថែមទៀតផង។ ជាងនេះទៅទៀត គ្រាដែលលោកមកកាន់តំណែងនោះ ស្ថានភាពនៃការចំណាយមុនៗហាក់មិនមានភាពច្បាស់លាស់ឡើយ ទើបលោកបង្ខំចិត្តយកលុយរដ្ឋនោះប្រើសិនដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ លោក ស៊ុត ឌីណា បានទទួលស្គាល់ថា លោកបានបង្កើតគណនីធានាគារចំនួន២ ដោយមានគណនីជាប្រាក់ដុល្លារ និងប្រាក់វ៉ុន ប៉ុន្តែគណនីទាំងនោះជាគណនីរបស់ស្ថានទូត មិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនលោកទេ។
យោងតាមអំណានចម្លើយសាក្សីចំនួន៤នាក់បានបញ្ជាក់ថា លោក ស៊ុត ឌីណា បានប្រើតែបក្ខពួកឲ្យធ្វើការដោយមិនបានប្រើពួកគេឲ្យធ្វើការងារដែលពួកគេទទួលខុសត្រូវឡើយ។ សាក្សីអះអាងថា ចំពោះប្រាក់សពពលករខ្មែរដែលត្រូវក្រុមហ៊ុនធានារ៉ាប់រងសងនោះ លោក ស៊ុត ឌីណា បានតម្រូវឲ្យក្រុមហ៊ុនបង្វិលចូលគណនីធនសគាររបស់លោកផ្ទាល់ មិនចាំបាច់សងទៅគ្រួសារជនរងគ្រោះផ្ទាល់នោះទេ។
សូមបញ្ជាក់ថា សវនាការកាលពីពេលកន្លងទៅ តុលាការមិនបានលើកឡើងអំពីលុយសុទ្ធប្រមាណ ៧,២លានដុល្លារអាមេរិក មាស១២,៧៤គីឡូក្រាម មានផ្ទះវីឡា២កន្លែង ដីជាង១០កន្លែង និងប្រាក់ក្នុងធានាគារជាច្រើនទៀត ដូចសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងការបំភ្លឺរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង នៅអំឡុងពេលឃាត់ខ្លួនលោក ស៊ុត ឌីណា នោះទេ។
គួររំលឹកថា លោក ស៊ុត ឌីណា ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦៕
មតិយោបល់