ភ្នំពេញៈ និសិត្សឆ្នាំទី១ម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ក្រោយពីម៉ូតូ១គ្រឿង ត្រូវបានចោរលួចយកទៅបាត់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជួង ថារ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជានិសិត្សឆ្នាំទី១ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានស្រុកកំណើត ភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
តាមការរៀបរាប់របស់ជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគេបានទុកម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីនិចមួយគ្រឿងពណ៌ស សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1FJ-3327 នៅមុខបន្ទប់ជួលខាងលើហើយក៍ដើរចូលទៅបន្ទប់ទឹកមួយភ្លេត ស្រាប់តែឮសម្លេងមិត្តភក្តិដែលស្នាក់នៅបន្ទប់ជាប់គ្នាប្រាប់ថាឯងឲ្យម៉ូតូគេខ្ចីមែន? ពេលនោះជនរងគ្រោះបានស្ទុះចេញមកមើលក៏ឃើញក្រុមជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូរបស់ខ្លួនចេញទៅឆ្ងាយបាត់ទៅហើយ រួចក៏នាំគ្នាដេញដែរតែមិនទាន់។
ក្រោយមកជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកតែប៉ុណ្ណោះ ប៉ុន្តែវាហាក់បីដូចជាគ្មានសង្ឃឹមទេព្រោះកន្លងមកករណីចោរលួច ឆក់ កាច់ក យកម៉ូតូនៅសង្កាត់ទឹកថ្លាច្រើនករណីណាស់មកហើយ កម្រសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាចាប់បានណាស់៕
ព័ត៌មានជាតិ
មតិយោបល់