ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ក្មេងប្រុសម្នាក់លង់ទឹកអាងតង់កៅស៊ូ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កណ្ដាលៈ ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១៥ និង១០នាទី មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកអាងតង់កៅស៊ូ បណ្តាលឲ្យស្លាប់បាត់បង់នូវអាយុជីវិត ចំណុចកើតហេតុ បុរីពិភពថ្មី១ ផ្ទះលេខ១៨ ផ្លូវលេខ៨ ផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហេង កុកតុង ភេទប្រុស អាយុ១ឆ្នាំ ។ ឪពុកឈ្មោះ ចេង ហេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ជនជាតិខ្មែរ និងម្តាយឈ្មោះ ប៉ុល សុខចំណន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ សុខ នី អាយុ៦១ឆ្នាំ ត្រូវជាយាយរបស់កុមាររងគ្រោះ បានអោយដឹងថា នៅថ្ងៃទី១៤. ០៨. ២០២១ វេលាម៉ោង១៥និង០០នាទី កុមាររងគ្រោះ នៅជាមួយយាយនៅក្នុងផ្ទះ ដោយយាយបានទៅផ្ទះ បាយក្រោយ រកដួសបាយហូប ក៏ដើរចេញពីផ្ទះបាយវិញ ក៏បានបាត់កុមាររងគ្រោះមិនដឹងទៅណា ដើររកពេញក្នុងផ្ទះមិនឃើញ ក៏បានហៅឈ្មោះ ប៉ុល សុខលក្ខណា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាអ៊ំ អោយជួយរកកុមាររងគ្រោះ នាំគ្នាដើររកនៅមុខផ្ទះ និងមុខសួនច្បារបុរីមិនឃើញ មិនដឹងទៅណា បានហៅបងប្អូនក្បែរផ្ទះនិងអោយជួយរក បន្ទាប់មកក៏មើលក្នុងអាងតង់កៅស៊ូ សំរាប់ងូតទឹកមុខផ្ទះ ក៏បានឃើញកុមារ រងគ្រោះ លង់ទឹកក្នុងអាងតង់កៅស៊ូ ឃើញដូចនោះ បាននាំគ្នាស្រង់កុមាររងគ្រោះចេញមកក្រៅ ជួយសង្គ្រោះរឹតទ្រូង ធ្វើចលនាដង្ហើម ហើយក៏បានយកឡានដឹកកុមាររងគ្រោះ ទៅមន្ទីរពេទ្យជ័យជំនះ ពេលទៅដល់លោកគ្រូពេទ្យ ជួយសង្គ្រោះប៉ុន្តែកុមាររងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

លោកគ្រូពេទ្យបានធ្វើការពិនិត្យសាកសព យកសំណាក ដោយឧបករណ៍តេស្តរហ័សឃើញថា ជនរងគ្រោះអវិជ្ជមានកូវីដ- ១៩ ។ ដោយមើលកាំមេរ៉ាសុវត្តិភាពវេលាម៉ោង១៥និង១០នាទី ឃើញកុមាររងគ្រោះបានឡើងលើកៅអីក៏ធ្លាក់ចូលអាងតង់កៅស៊ូ សំរាប់ងូតទឹក ចូលក្នុងបណ្តាលអោយលង់ ។ បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះធ្វើការពិនិត្យ ។

សមាសភាពចូលរួមពិនិត្យ សមត្ថកិច្ចផ្នែកជំនាញពិនិត្យ វិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសពក្នុងពោះមានទឹក ក្បាល អវៈយវៈ និងដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ឡើយ ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក បណ្តាលអោយស្លាប់ ។ សាកសពត្រូវបានប្រគល់ឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់