ស្វាយរៀងៈ កម្មករកម្មការិនីរោងចក្រសំលៀកបំពាក់ លូថៃ រាប់រយនាក់បានធ្វើបាតុកម្ម ទាមទារឲ្យគណៈកម្មការកណ្តាល និងមន្ទីរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រកយុត្តធម៌ជូនតំណាងសហជីពសហព័ន្ធ សហជីពសិទ្ធិកម្មករខ្មែរម្នាក់ ដែលរងគ្រោះដោយជនសង្ស័យវាយឲ្យរងរបួស ហើយកម្មករកម្មការិនី បានចោទប្រកាន់ថា មន្រ្តីក្រុមហ៊ុនលូថៃ ខេមបូឌា ជួលបុគ្គលិកឲ្យវាយតំណាងសហជីពក្នុងរឿងវិវាទការងារ ហើយ កម្មករកម្មការនីតវ៉ាទាមទារលក្ខខណ្ឌ១៦ចំណុចដែលមិនទាន់ដោះស្រាយចំពោះកិច្ចព្រមព្រៀង និងសះជាគ្នានៅឡើយ ទើបកើតមានអំពើហិង្សាដោយកម្មករចោទថា មន្ត្រីក្រុមហ៊ុនលូថៃជួលបុគ្គលិកឲ្យវាយតំណាងសហជីព។
ការធ្វើបាតុកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៧ដល់ម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខរោងចក្រលូថៃ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
សមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ការដែលនាំឲ្យមានផ្ទុះបាតុកម្មនេះឡើងដោយសារ មានជនសង្ស័យម្នាក់វាយទៅលើតំណាងសហជីពសិទ្ធិកម្មករខ្មែរម្នាក់ឲ្យរងរបួសហើយកម្មករកម្មការិនីបានចោទប្រកាន់ថា ក្រុមហ៊ុនលូថៃ ជាអ្នកនៅពីក្រោយរឿងនេះ។
ជនរងគ្រោះមានឈ្មោះ ខឿន លីដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីសហជីពសហព័ន្ធ សហជីពសិទ្ធិកម្មករខ្មែរប្រចាំនៅក្នុងរោងចក្រក្រុមហ៊ុន លូថៃ ខេមបូឌា។ រីឯជនសង្ស័យដែលជាជនបង្ក ឈ្មោះ មុំ តាង ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនលូថៃ ទើបតែចូលធ្វើការបានមួយខែប៉ុណ្ណោះ មានទីលំនៅខេត្តកំពត។
ប្រភពដដែលបានបន្តថា ជនរងគ្រោះ និងជនសង្ស័យ មិនដែលស្គាល់គ្នា ឬមានជម្លោះអ្វីឡើយ មុនកើតហេតុជនរងគ្រោះចេញពីកន្លែងធ្វើការ ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីបត់ជើងតូច ខណៈកំពុងសម្អាតអនាម័យដៃក្នុងបន្ទប់ទឹក ស្រាប់តែជនសង្ស័យឈ្មោះ មុំ តាំង ដើរចូលទៅ ទាញជនរងគ្រោះរួចដាល់យ៉ាងសន្ធាប់ទៅលើដើមទ្រូងជនរងគ្រោះពីបីដៃ បណ្តាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះក៏ប្រឹងរត់ចេញមកក្រៅបន្ទប់ រួចស្រែកឲ្យគេជួយផ្អើលដល់កម្មករកម្មការនីរោងចក្ររត់ចេញមកជួយ ខណៈនោះសមត្ថកិច្ចក៏ទៅដល់ភ្លាមៗដែរ ហើយបានហៅជនសង្ស័យ និងជនរងគ្រោះទៅសាកសួរនិងដោះស្រាយ។
លោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈខេត្តទទួលបន្ទុកការងារគ្រប់គ្រង វិវាទតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រុមហ៊ុនលូថៃ(ខេមបូឌា)ខូអឹលធីឌីមានកម្មករនិយោជិតសរុប១ ៧៧៩នាក់ ហើយមានវិវាទការងារ រហូតមានផ្ទុះធ្វើកូដកម្ម ចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានកម្មករចូលរួមធ្វើកូដកម្មចំនួន៩៤៣នាក់ ទាមទារលក្ខខណ្ឌការងារ១៦ចំណុច។ លទ្ធផល គឺយល់ព្រមជាមួយគ្នាបានជាច្រើនចំណុចដែរ តែវិវាទការងារនៅតែបន្តដោះស្រាយ។ ហើយចំពោះរឿងកម្មករចោទថា ក្រុមហ៊ុនជួល បុគ្គលិកឈ្មោះ មុំ តាំង វាយតំណាងសហជីពនោះមិនទាន់ដោះស្រាយបានទេ។ តាមច្បាប់ក្រុមហ៊ុនបុគ្គលិកណាប្រព្រឹត្តខុសច្បាប់ ក្រុមហ៊ុនត្រូវបានបញ្ឈប់ពីការងារហើយ ផ្ទុយទៅវិញឈ្មោះ មុំ តាំង ជាអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយជនរងគ្រោះប្តឹងទៅសមត្ថកិច្ចនគបាល បែរជាក្រុមហ៊ុនមិនលូកដៃទាល់តែសោះ។ ហើយជនរងគ្រោះ ក្រុមហ៊ុន បានព្យួរការងាររយៈពេលមួយខែ ក៏ប៉ុន្តែកម្មករទាមទារឲ្យជនរងគ្រោះនៅធ្វើការដដែល និងឲ្យក្រុមហ៊ុនទទួលខុសត្រូវបង់ថ្លៃព្យាបាល២០លានរៀល។
លោក អ៊ូ សាខឿន បន្តទៀតថា ចំពោះកម្មករចោទថា ក្រុមហ៊ុនជួលបុគ្គលិកឲ្យវាយតំណាងសហជីពនោះ ក្រុមហ៊ុនលូថៃបានបដិសេធ ដូច្នេះដំណោះស្រាយមិនទាន់បានបញ្ចប់ទេ និងលើកទៅដោះស្រាយនៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។ ចំណែកក្រុហ៊ុនលូថៃ ដែលជាក្រុមហ៊ុនរោងចក្រកាត់សំលៀកបំពាក់ ដែលថៅកែជាជនជាតិចិននោះ មិនអាចរកសុំការបំភ្លឺបានទេ ដោយទូរសព្ទចូលតែគ្មានអ្នកលើក៕




មតិយោបល់