ពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តូចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លាន ឲ្យដល់កំរិតសូន្យ នៅកម្ពុជា នាឆ្នាំ២០២៥ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។
លោក ឡៅ សុខារម្ម អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានជម្រាបថា ផែនការសកម្មភាពជាតិស្តីពីគំនិតផ្តូចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឲ្យដល់កំរិតសូន្យមាន៣ផ្នែកសំខាន់គឺទី១. រៀបរាប់ពីទិដ្ឋភាពរួមនៃសន្តិសុខស្បៀង អាហារូបត្ថម្ភ ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទី២. រៀបរាប់ពីវិស័យអទិភាព និងសូចនាករសំខាន់ៗ និងទី៣. រៀបរាប់ពីយន្តការសម្របសម្រួល ការអនុវត្ត ប្រភពធនធាន និងការតាមដានវាយតម្លៃ។
លោកស្រី ក្លែវ៉ាន់ ឌីវ៉ារ៉ែន ប្រធានសម្របសម្រួលការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលបានខិតខំសម្រេចបាននូវផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តូចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឲ្យដល់កំរិតសូន្យ ហើយអង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការជាមួយក្រសួង និងស្ថប័នពាក់ព័ន្ឋដើម្បីសម្រេចឲ្យបាននូវគោលដៅខាងលើនេះ។
ចំណែកលោកស្រី គុណដាវី កាឌៀរេសាន់ ប្រធានក្រុមការងារបច្ចេកទេសនៃអង្គការសហប្រជាជាតិថ្នាក់តំបន់ស្តីពីភាពក្រីក្រ និងភាពអត់ឃ្លាននៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាអគ្គនាយករងនៃអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ FAO និងជានាយកនៃអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនគួរឲ្យកត់សំគាល់ក្នុងអាត្រា៧%ក្នុង១ឆ្នាំ ឯអត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមប្រមាណ១៣%នៅឆ្នាំ២០១៥។ ប៉ុន្តែវាមានលក្ខណៈផុយស្រួយនៅឡើយ ព្រោះអ្នកដែលទើបឆ្លងផុតបន្ទាត់ក្រីក្រ ងាយនឹងធ្លាក់មកបន្ទាត់ក្រីក្រវិញនៅពេលមានវិបត្តិសេដ្ឋកិច្ចសកលលោក និងគ្រោះធម្មជាតិ ការបម្រែបម្រួលអាកាសធាតុជាដើម។ ដូច្នេះ យើងអាចដោះស្រាយបញ្ហាខាងលើបានតាមរយៈការអនុវត្តផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយភាពអត់ឃ្លានឲ្យដល់កំរិតសូន្យ។
លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៏ថា បញ្ហានៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ គឺជាការងារអន្តរក្រសួង ហើយផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តូចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឲ្យដល់កំរិតសូន្យនៅកម្ពុជានាឆ្នាំ២០២៥ គឺជាឯកសារដ៏មានសារៈសំខាន់សំរាប់ក្រសួង ស្ថាប័នពាក់ព័ន្ឋយកទៅអនុវត្ត។ ដោយឡែក ក្រសួងកសិកម្មនឹងព្យាយាមអនុវត្តនូវសសរស្តម្ភទាំង៤ដោយធ្វើការផ្លាស់ប្តូរពីកសិកម្មប្រពលវប្បកម្ម ទៅជាកសិកម្មបែបទំនើបកម្ម កែប្រែពីសួនបន្លែទៅជាចំការបន្លែ, ធ្វើឲ្យថ្លៃដើមផលិតកម្មកសិកម្មទាប។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តប្រកបដោយឆន្ទះនយោបាយមោះមុត ក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពក្នុងការបញ្ចប់ភាពអត់ឃ្លាននៅឆ្នាំ២០២៥ ដែលបានប្រកាសដោយឯកឧត្តមអគ្គលេខា-ធិការអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងរីយូ ប្រទេសប្រេស៊ីល ថ្ងៃទី១២ ឧសភាព ឆ្នាំ២០១២ តាម រយៈការអភិវឌ្ឍន៏តាមសសរស្តម្ភដ៏មានសារៈសំខាន់ចំនួន៥ គឺៈ
ទី១. ការទទួលបានស្បៀងអាហារ គ្រប់គ្រាន់១០០% នៅគ្រប់រដូវកាលក្នុងឆ្នាំនិមួយៗ។ ទី២. កុមារអាយុក្រោម២ឆ្នាំ មិនមានបញ្ហាក្រិន។ ទី៣. គ្រប់ប្រព័ន្ឋស្បៀងអាហារមាននិរន្តរភាព។ ទី៤. បង្កើនផលិតភាព និងប្រាក់ចំណូលរបស់ កសិករ ខ្នាតតូចឲ្យបានគ្រប់ៗគ្នា។ ទី៥. ការធ្វើមិនឲ្យមានការបាត់បង់ និងខ្ជះខ្ជាយស្បៀងអាហារ១០០%។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តូចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឲ្យដល់កំរិតសូន្យ នៅកម្ពុជា គឺជាផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយមួយ និងការអន្តរាគមន៍ជាអន្តរវិស័យ។ រាជរដ្ឋាភិបាលដែលមានក្រុម ប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងក្រសួងពាក់ព័ន្ឋជាសេនាធិការ នឹងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅកម្ពុជាត្រឹមឆ្នាំ២០២៥ ហើយយើងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងអាចសម្រេចបានគោលដៅនេះប្រកបដោយជោគជ័យ។
ឈរលើស្មារតីទទួលខុសត្រូវខ្បស់ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទមានការងារអន្តរវិស័យ៣ធំៗ គឺទី១. សន្តិសុខស្បៀង និងអាហារូបត្ថម្ភ, ទី២. ការគាំពារសង្គម និងទី៣. ការងារជំរុញភូមិ១ផលិតផល១ ដែលត្រូវធ្វើការយ៉ាងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ឋ ដៃគូរអភិវឌ្ឍន៏នានា និងវិស័យឯកជន ហើយក៏បានរួមចំណែករៀបចំផែនការសកម្មភាពជាតិខាងលើនេះ ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ។ ផែនការសកម្មភាពជាតិនេះ ត្រូវបានរៀបចំដោយផ្អែកលើគោលនយោបាយអន្តរវិស័យ និងយុទ្ឋសាស្ត្រដែលមានស្រាប់ និងដើម្បីបំពេញបន្ថែមទៅលើគោលនយោបាយ និងយុទ្ឋសាស្ត្រតាមវិស័យទាំងនោះ។ ផែនការសកម្មភាពជាតិនេះ នឹងគ្រប់ដណ្តប់ទៅលើប្រធានបទអភិវឌ្ឍន៏ដ៏ទូលំទូលាយ និងឆ្លើយតបឲ្យគ្នាទៅវិញទៅមក ព្រមទាំងផ្តោតការយកចិត្តទុកដាក់ទៅលើការអន្តរាគមន៏ និងការវិនិយោគលើវិស័យកសិកម្ម អភិវឌ្ឍន៏ជនបទ សុខាភិបាល អប់រំ ធនធានទឹក ទឹកស្អាត និងអនាម័យ និងកិច្ចគាំពារសង្គម។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោស្រី គុណដាវី កាឌៀរេសាន់ (Kundhavi Kadiresan) ប្រធានក្រុមការងារបច្ចេកទេសនៃ អង្គការសហប្រជាជាតិថ្នាក់តំបន់ស្តីពីភាពក្រីក្រ និងភាពអត់ឃ្លាននៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាអគ្គនាយករងនៃអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ FAO និងជានាយកនៃអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក, លោកស្រី ក្លែវ៉ាន់ ឌីវ៉ារ៉ែន (Claire Van der Vaeren) ប្រធានសម្របសម្រួលការិយាល័យ អង្គការ សហប្រជាតិប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ឋ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត៕
មតិយោបល់