ព័ត៌មានជាតិ

ផ្ទុះកង់រថយន្តដឹកដីស្នូរដូចគ្រាប់បែក បណ្តាលឲ្យស្រ្តីម្នាក់ដួលសន្លប់

ភ្នំពេញៈ រថយន្តដឹកដីជាច្រើនគ្រឿងដែលកំពុងសម្រុកចាក់លុបបឹងតាម៉ាតយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវ២១៧ ចូលទៅផ្លូវបេតុង ក្នុងភូមិសបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទាំងថ្ងៃទាំងយប់ដោយភ្លេចមើលកង់រថយន្ត និងខ្វះការប្រុងប្រយ័ត្ន ខណៈពេលដែលរថយន្ត១គ្រឿង ជាប្រភេទរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-5485 ក្នុងចំណោមរថយន្តជាច្រើនដែលកំពុងតែបើកដឹកដី​ ដោយបម្រុងនឹងចាក់លុបបឹងតាម៉ាក់ លុះដល់ចំណុចផ្លូវបេតុង ក្នុងភូមិសំបួរ សង្កាតដង្កោ ខណ្ឌដង្កោ រថយន្តខាងលើក៏បានបែកកង់ខាងក្រោយផ្ទុះលាន់សូរដូចគ្រាប់បែក បណ្តាលឲ្យស្ត្រីម្នាក់ដែលជិះម៉ូតូស្លុតស្មារតី គាំងបេះដូងដួលសន្លប់ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ជួយរិត និងគក់ច្របាច់ភ្លាម ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ​ ហើយបានយករថយន្តខាងលើមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ គួរបញ្ជាក់ឲ្យដឹងថា ពលរដ្ឋសំណូមពរឲ្យលោកចៅហ្វាយខណ្ឌដង្កោមេត្តាចុះត្រួតពិនិត្យផ្លូវបេតុងចូលបឹងតាម៉ាតនេះផង ព្រោះរថយន្តដឹកដីធ្វើឲ្យធ្លាក់ដី និងភក់ពាសពេញផ្លូវពិបាកក្នុងការធ្វើដំណើរណាស់៕

មតិយោបល់