ភ្នំពេញៈ ទីបំផុតពន្លឺយុត្តិធម៌បានកើតឡើងនៅក្នុងសវនាការប្រកាសសាលក្រមនៃសំណុំរឿងឃាតកម្មលើស្ត្រីយោធា កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅនៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក ក្រោយពីលោក កែវ មុនី ចៅក្រមស៊ើបសួរ និងលោក ងិន ពេជ្រ តំណាងអយ្យការបានសម្រេចកែប្រែបទចោទប្រកាន់លើជនជាប់ចោទ ពីបទឃាតកម្មគិតជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ មកជាបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌវិញ ពោលគឺប្តូរពីទោសធ្ងន់មកជាទោសស្រាល ប៉ុន្តែត្រូវចៅក្រមជំនុំជម្រះកែប្រែទៅជាបទឃាតកម្មគិតទុកជាមុនវិញ។
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះលោក ជា សុច័ន្ទដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉ី គឹមហេង ហៅ ដំ អាយុ២១ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឱ្យសងជំងឺចិត្តទៅគ្រួសារជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីយោធា ចំនួន៨០លានរៀល ក្រោមបទចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចកន្លែងបើកលុយ(វីង) ស្ថិតនៅផ្ទះលេខ១២ ផ្លូវលេខ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ពន្លឺយុត្តិធម៌ចំពោះគ្រួសារពួកគាត់នៅពេលនេះ មិនមែនបានមកពីឆន្ទានុសិទ្ធិរបស់ចៅក្រមនោះទេ ប៉ុន្តែបានពីការអន្តរាគមន៍របស់ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈលិខិតសុំអន្តរាគមន៍របស់លោកស្រី លី ស៊ីលេន ភេទស្រី អាយុ៥៦ឆ្នាំ ជាមន្ត្រីក្រសួងការពារជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពេលដែលលោក ងិន ពេជ្រ ដែលជាតំណាងអយ្យការក្នុងសំណុំរឿងនេះ បានធ្វើសេចក្ដីសន្និដ្ឋាននាពេលសវនាការ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយប្តឹងសុំកែប្រែបទចោទ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ មកជាបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌវិញ៕
https://youtu.be/Vof15CfNNY4
មតិយោបល់