ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះបន្តចុះឆែកឆេរឃ្លាំងស្តុកឈើមួយកន្លែង សង្ស័យបង្កប់ភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួល ក្នុងឈើហ៊ុប

ភ្នំពេញៈ សមត្ថកិច្ចចម្រុះ មានទាំងកម្លាំងគយ រដ្ឋបាលព្រៃឈើ អាវុធហត្ថខណ្ឌ ប៉ូលិសមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក អ៊ុយ រ៉ាស៊ី អនុប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ និងលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរឃ្លាំងស្តុកឈើ មួយកន្លែង ដែលសង្ស័យថា មានលាក់បង្កប់ភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួល ក្នុងឈើហ៊ុប បម្រុងនាំចេញទៅកាន់ប្រទេសចិន។

ករណីនេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះបានចូលទៅឆែកឆេរនៅទីតាំងក្រុមហ៊ុន អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចក្នុងក្រុមហ៊ុន តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការ ចុះឆែកឆេរទីតាំងឃ្លាំងស្តុកឈើ ដែលគេសង្ស័យថាបង្កប់រត់គេចពន្ធភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួល បម្រុងយកចេញទៅកាន់ប្រទេសចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងឃ្លាំងមួយកន្លែងដែលមានឈ្មោះ (សហគ្រាសខេមត្រេនស៊ីតអុំមផត) ដែលមានម្ចាស់ឈ្មោះ NGUYEN TIEN CHUONG ជាតំណាង​សហគ្រាសនាំឈើពីបរទេស មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក អ៊ុយ រ៉ាស៊ី អនុប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បានឲ្យដឹងថា ឈើដែលគេសង្ស័យបង្កប់នូវភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួល គឺជាប្រភេទឈើបេង ដែលគេនាំចូលពីប្រទេសអាហ្វ្រិក ឆ្លងកាត់មកកម្ពុជា ហើយនាំបន្តឆ្ពោះទៅកាន់ប្រទេសចិន។

លោកបន្តទៀតថា ឈើដែលនៅក្នុងឃ្លាំងខាងលើនេះ ប្រហែលជាង៦០០ដុំ ហើយយើង នឹងស្ទូចរាប់រកមើល ក្រែងមានរបស់ខុសច្បាប់បន្តទៀត។ ប៉ុន្តែក្រុមហ៊ុនខាងលើនេះ គឺមានច្បាប់ពីក្រសួងពាណិជ្ជកម្ម មានអាជ្ញាប័ណ្ណពីនាយកដ្ឋាន រដ្ឋបាលព្រៃឈើត្រឹមត្រូវ។

គួររំលឹកថា សមត្ថកិច្ចចម្រុះ មានទាំងកម្លាំងគយ រដ្ឋបាលព្រៃឈើ អង្គការ វ៉ាយអេត កាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រូល ដែលត្រូវបានឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបម្រុងនាំចេញទៅកាន់ប្រទេសចិន ប្រមាណ៣ឈើហ៊ុប ប៉ុន្តែមិនទាន់ដឹងថា ចំនួនពិតប្រាកដនៅឡើយនោះទេ។

ក្រោយពីធ្វើការស្រាវជ្រាវរួចមក សមត្ថកិច្ចចម្រុះ មិនទាន់បានរកឃើញអ្វីដែលគួរឲ្យសង្ស័យនោះទេ ដោយសមត្ថកិច្ចចម្រុះ និងធ្វើការស្រាវជ្រាវបន្តទៀត៕

https://youtu.be/z0AqZCKC270

មតិយោបល់