ព័ត៌មានជាតិ

កម្មកររោងចក្រកាត់ដេរ«ស៊ីណូស្កាយ» ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ១០ចំណុច

កម្មកររោងចក្រកាត់ដេរ«ស៊ីណូស្កាយ» ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ១០ចំណុច

ភ្នំពេញៈ កម្មករ កម្មការិនី ចំនួនជាង៣០០នាក់ដែលបម្រើការងារនៅក្នុង រោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ«ស៊ីណូស្កាយ ហឹជន ហ្គាមេន ខេមបូឌា ខូអិលធីឌី»ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម តវ៉ាទាមទារលក្ខខណ្ឌ ការងារចំនួន១០ចំណុច ពីថៅកែរោងចក្រ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងមុខរោងចក្រកាត់ដេរខាងលើនោះ។

នៅក្នុងសកម្មភាពតវ៉ាខាងលើនោះ កម្មករ កម្មការិនីទាំងនោះ មិនបានប្រើអំពើហិង្សាណាមួយនោះឡើយ ពួកគេបានធ្វើការតវ៉ាដោយស្ងៀមស្ងាត់ និងមិនបានស្រែកតាមមេក្រូ ឬបង្កការភ័យខ្លាចណាមួយ ដល់ភាគីរោងចក្រនោះទេ។ ពួកកម្មករខាងលើបាននាំគ្នា ឈរនៅខាងមុខរោងចក្រ និងសរសេរនូវលក្ខខណ្ឌទាំង១០ ចំណុចដែលពួកគេត្រូវទាមទារ សុំឲ្យថៅកែជួយធ្វើការដោះស្រាយជូនពួកគេ ដោយពួកគេបានអះអាងថា ថៅកែរោងចក្រខាងលើ គាបសង្កត់ពួកគេ ហើយក៏បណ្ដែតបណ្ដោយឲ្យ ស្ត្រីម្នាក់ឈ្មោះកែវ ដែលជាប្រធាន ផ្នែកដេរ ជេរប្រមាថកម្មករតាមអំពើចិត្ត ដោយសារតែរោងចក្រនោះ មានបន្ទប់ទឹកសម្រាប់ប្រុសៗតែ២បន្ទប់ ធ្វើឲ្យប្រើមិនគ្រប់ប្រុសៗបានចូលទៅបន្ទប់ស្រីៗ ហើយពេលស្រីៗត្រូវការចូលដែរ បន្ទប់ទឹកជាប់រវល់ ត្រូវចាំគ្នាយូរ ពី១០ទៅ១៥នាទី ក៏ត្រូវបានប្រធានផ្នែកដេរនោះជេរតែម្ដង។

កម្មករបាននិយាយថា ពួកគេដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ មានចំនួនជាង៣០០នាក់ ហើយ ពេលនេះ ដឹកនាំដោយសហជីពស្មារតីកម្មករខ្មែរបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ថៅកែ ដើម្បីទាមទារនូវលក្ខខណ្ឌការងារចំនួន១០ ចំណុច ក្នុងនោះរួមមានទី១ សុំឲ្យថៅកែទទួលយកឈ្មោះ គីម ចិត្ត្រា អត្តលេខ015 ជាជាងម៉ាស៊ីន ដែលត្រូវ បានថៅកែដកចេញពីការងារ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បានចូលធ្វើការវិញ និងរក្សាអត្ថប្រយោជន៍នៅពេញ ដដែល។ ទី២ សុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់អាហារ ថ្ងៃត្រង់ចំនួន ២០០០រៀលក្នុងមួយថ្ងៃជូនកម្មករម្នាក់ៗ។ ទី៣ សុំឲ្យក្រុមហ៊ុនធ្វើការកែប្រែប្រធានផ្នែកដេរឈប់ ឲ្យជេរប្រមាថ និងប្រើអំពើហិង្សានិងកាយវិកា មិនសមរម្យមកលើកម្មករតទៅទៀត។ ទី៤ រាល់ពេលដែលក្រុម ហ៊ុនឲ្យកម្មករ ធ្វើការថែមម៉ោងដល់ម៉ោង៨យប់ ត្រូវឲ្យឈប់សម្រាកហូបបាយនៅវេលាម៉ោង៦ល្ងាចសិន។ ទី៥ សុំឲ្យក្រុម ហ៊ុនអនុញ្ញាតច្បាប់ឲ្យមានភាពងាយស្រួល ដល់កម្មករពេលសុំច្បាប់សម្រាក ក្នុងករណីមាន ធុរៈផ្សេងៗ។ ទី៦ សុំឲ្យក្រុមហ៊ុនកាត់ប្រាក់រង្វាន់ទៀងទាត់ (លុយព្រីម) ជាសមមាត្រទៅនិងចំនួនថ្ងៃ ដែលកម្មករបានឈប់ សម្រាក។ ទី៧សុំឲ្យក្រុមហ៊ុនអនុវត្តប្រាក់ឈ្នួលគោល ទៅតាមច្បាប់ស្ដីពីការងារ។ ទី៨ សុំឲ្យ ក្រុមហ៊ុនបើក ប្រាក់ឈ្នួលជូនកម្មកឲ្យរួចរាល់មុនម៉ោង៤ល្ងាច។ ទី៩ រាល់ពេលក្រុមហ៊ុនឲ្យកម្មករធ្វើការថែម ម៉ោង ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ទី១០ នៅក្នុងពេលធ្វើកូដកម្មសុំកុំឲ្យក្រុមហ៊ុនដកប្រាក់ឈ្នួល របស់ កម្មករដែលចូលរួមធ្វើកូដកម្មខាងលើ៕

https://youtu.be/zv4uUZ4_uaY

មតិយោបល់