ព័ត៌មានជាតិ

ខ្លាំងបាត់!.. ក្មេងស្ទាវបើករថយន្តBMW ដេញបុកម៉ូតូវីវ៉ា បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿងមិនដឹងជាមានរឿងអ្វី បានបើកដេញបុកបុរស២នាក់ ដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់កាលពីវេលាម៉ោង ១និង៥០នាទីយប់ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខហាងហេង ពៅ លក់កាហ្វេនិងភេសជ្ជ: ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8706 បើកបរដោយក្មេងស្ទាវ ក្នុងល្បឿនយ៉ាងលឿនដេញបុកម៉ូតូវីវ៉ាមួយគ្រឿង ដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ តាំងពីចំណុចភ្លើងស្តុបខាងកើត ស្ពានព្រះមុនីវង្សចាស់ រហូតមកដល់គល់ស្ពាន ម៉ូតូបានបត់ស្តាំសំដៅមកភូមិដើមចាន់ ចំណែករថយន្តBMW បានដេញតាមរហូតបុកបានសម្រេច នៅខាងមុខហាង ហេង ពៅ លក់កាហ្វេ និងភេសជ្ជ: បណ្តាលឲ្យបុរសដែលជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូខ្ទេចទាំងស្រុង។

ក្រោយពីបង្កហេតុរួច ក្មេងស្ទាវដែលជាម្ចាស់រថយន្តខាងលើបានដាក់មេប្រ៉ូចបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែង។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចនៅកន្លែងកើតហេតុបាននិយាយថា រឿងនេះសមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយថាជាគ្រោះថ្នាក់ចរាចរណ៍ ឬក៏ជាករណីអ្វីផ្សេង ព្រោះសមត្ថកិច្ចយើងកំពុងតែពិនិត្យនិងស្រាវជ្រាវបន្ថែម។

ប៉ុន្តែទោះបីជាយ៉ាងណា បច្ចុប្បន្ន រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង នាំយកទាំងរថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់