អឺរ៉ុបៈ សីតុណ្ហភាពត្រជាក់នៅទូទាំងអឺរ៉ុប បានបណ្ដាលឲ្យមនុស្សជាង ២០ នាក់បាត់បង់ជីវិត ខណៈសូម្បីតែប្រជុំកោះនៅក្រិច និងភាគខាងត្បូងប្រទេសអ៊ីតា ត្រូវបានគ្របដណ្តប់ដោយព្រិល។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។
នៅអ៊ីតាលី គេសង្កេតឃើញថា សាឡាង និងជើងហោះហើរជាច្រើន ត្រូវបានលុបចោល ស្របពេលដែលសាលារៀន នៅភាគខាងត្បូងនៃប្រទេស ត្រូវបានគេរំពឹងទុកថា នឹងត្រូវបិទទ្វារនៅថ្ងៃចន្ទនេះ។
ចំណែកនៅប្រទេសតួកគីវិញ ក៏កំពុងប្រឈមនឹងផលប៉ះពាល់នេះ យ៉ាងធ្ងន់ធ្ងរផងដែរ។ Bosphorus ឆកសមុទ្រ ដែលតភ្ជាប់ពីទឹកដីអាស៊ី ទៅទឹកដីអឺរ៉ុប នៃក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី ត្រូវបានបិទការដឹកជញ្ជូន ដោយសារព្យុះព្រិលធ្លាក់យ៉ាងខ្លាំង បានវាយប្រហារទីក្រុងនេះ។
យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ នៅក្នុងប្រទេសប៉ូឡូញ ហើយនៅឯប្រទេសរុស្ស៊ីវិញ សីតុណ្ហភាពពេលយប់ បានធ្លាក់ដល់ដក ៣០ អង្សាសេ៕

មតិយោបល់