ប៉ៃលិនៈ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ម្នាក់ រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកក៣កញ្ចប់ធំ ត្រូវប៉ូលិសខេត្តប៉ៃលិន បង្ក្រាបបានជាមួយនឹងវត្ថុតាងមួយចំនួនធំទៀត។ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីប៉ូលិសខេត្តប៉ៃលិន លោកអនុសេនីយ៍ទោ វ៉ន វាសនា ឲ្យដឹងនៅព្រឹកនេះថា នគរបាលខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យឺន វ៉ាន់នី ហៅ អាម៉ុល ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យរស់ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកបន្តថា ក្នុងពេលប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង រួមមានម្សៅពណ៌សថ្លា (ICE ឬម៉ាទឹកកក) ចំនួន៣កញ្ចប់ធំ លោហៈធាតុពណ៌មាស (កាឡៃ) ចំនួន២ខ្សែ ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូ៣គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
លោក វ៉ន វាសនា បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះដែរ ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យកម្លាំងផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានលោកអនុសេនីយ៍ទោ អៀប វិសាល នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធ្វើការដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបផ្ទាល់តែម្ដង។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឈ្មោះ យឺន វ៉ាន់នី ហៅ អាម៉ុល រួមនឹងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់