ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀនជិត៣០នាក់ ត្រូវបញ្ជូនទៅតុលាការនៅដើមខែមករានេះ

បន្ទាយមានជ័យៈ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើការបង្ហាញមុខសញ្ញាជនសង្ស័យ ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបបានជាបន្តបន្ទាប់។

លោកស្នងការរង ចាប សុផារិទ្ធ បានឲ្យអង្គភាព Post News ដឹងនៅព្រឹកថ្ងៃទី១៣ មករានេះថា ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានធ្វើការស៊ើបអង្កេត តាមដានមុខសញ្ញាសង្ស័យ។ ជាក់ស្តែងកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ទាំងនៅតាមបណ្តាស្រុក និងទីរួមខេត្ត។

លោកបន្តថា ក្នុងនោះកាលពីថ្ងៃទី១២ មករា ឆ្នាំ២០១៧ ស្រុកមង្គលបូរី បង្ក្រាបឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់បានចំនួន៣នាក់ ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់តូច និង១កញ្ចប់មធ្យម។ ស្រុកថ្មពួក ឃាត់ខ្លួនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទជួញដូរថ្នាំញៀនច្រើនដង ក្រុងសិរីសោភ័ណ ចាប់ខ្លួនយុវជន៣នាក់ ដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់តូច ដែលពួកគេបម្រុងយកទៅលក់ឲ្យគេ ក្នុងតម្លៃ៤ម៉ឺនរៀល។

លោក ចាប សុផារឹទ្ធ បានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ សុវត្ថិភាព កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានទប់ស្កាត់ បង្ក្រាបដូចភ្លៀងរលឹម ចាប់យកមុខសញ្ញាជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ជាបន្តបន្ទាប់ ហើយនៅដើមខែមករានេះ មានជនសង្ស័យចំនួន២៧នាក់ត្រូវបានបញ្ជូនទៅតុលាការ៕

មតិយោបល់