(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងលុបចោលនូវបម្រាមធ្វើដំណើរលើប្រទេសចំនួន៨ មកពីភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលត្រូវបាន ដាក់កាលពីខែវិច្ឆិកាកន្លងទៅ ដោយសារបារម្ភពីការឆ្លងរាលដាលនៃមេរោគ COVID-19 បំប្លែងថ្មី Omicron។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ, អ្នកនាំពាក្យសេតវិមាន លោក Kevin Munoz បានឱ្យដឹងថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងដកចេញនូវបម្រាមធ្វើដំណើរលើប្រទេសទាំង៨ខាងលើ នៅថ្ងៃទី៣១ ខែធ្នូនេះ ហើយការសម្រេចចិត្តលុបចោលបម្រាមនេះធ្វើឡើងតាមអនុសាសន៍របស់ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC)។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ សហរដ្ឋអាមេរិក បានសម្រេចហាមឃាត់អ្នកដំណើរមិនមែនជាពលរដ្ឋអាមេរិក មកពីប្រទេសចំនួន៨ ដែលស្ថិតនៅភាគខាងត្បូង នៃទ្វីបអាហ្វ្រិក ចូលមកក្នុងប្រទេសរបស់ខ្លួន ដោយសារបារម្ភពីការឆ្លងរាលដាលនៃមេរោគ COVID-19 បំប្លែងថ្មី Omicron ត្រូវបានគេកំណត់អត្តសញ្ញាណមុនគេនៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូង។ ប្រទេសទាំង៨នេះរួមមាន អាហ្វ្រិកខាងត្បូង, បុតស្វាណា, ស៊ីមបាវ៉េ, ណាមីបៀ, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីគ និងម៉ាឡាវី៕
ប្រភព៖ AFP
មតិយោបល់