ព័ត៌មានបច្ចេកវិទ្យា

មូលនិធិអាស៊ី បង្កើតកម្មវិធីប្រកួតផលិតវីដេអូតាមទូរស័ព្ទដៃ ដើម្បីលើកស្ទួយគុណតម្លៃមុខវិជ្ជា S.T.E.M នៅកម្ពុជា

អត្ថបទៈ តិចសេង, រូបថតផ្តល់ដោយៈ មូលនិធិអាស៊ី

ភ្នំពេញ៖ បច្ចុប្បន្ន ទូរស័ព្ទដៃទំនើប ឬហៅថាស្មាតហ្វូន បាននិងកំពុងដើរតួនាទីជាឧបករណ៍ប្រើប្រាស់ដ៏សំខាន់មួយរបស់បណ្តាជនទូទៅ។ វាមិនត្រឹមតែត្រូវបានប្រើសម្រាប់ទំនាក់ទំនង សិក្សា និងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់ប្រើជាឧបករណ៍ផ្តិតយករូបភាព-វីដេអូដ៏ពេញនិយមពីសំណាក់អ្នកប្រើប្រាស់ផងដែរ ជាពិសេស គឺយុវជនតែម្តង ដោយសារតែកម្រិតគុណភាពរូប មានភាពកាន់តែល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់។

អង្គការមូលនិធិអាស៊ី កំពុងដំណើរការកម្មវិធីប្រកួតផលិតវីដេអូណែនាំពីអាជីពការងារមួយ ទាក់ទងទៅនឹងមុខជំនាញផ្នែក S.T.E.M. (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ដោយប្រើប្រាស់ទូរស័ព្ទដៃប្រភេទស្មាតហ្វូន ដើម្បីបង្កើនចំណាប់អារម្មណ៍ពីសិស្សនិសិ្សតអំពីគុណតម្លៃ និងតម្រូវការចាំបាច់នូវមុខវិជ្ជាជីវៈដែលទាក់ទងផ្នែកទាំងនេះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការថ្លែងប្រាប់ Post Tech។

អ្នកស្រី លីម ស៊ីវហុង មន្រ្តីកម្មវិធីជាន់ខ្ពស់របស់អង្គការមូលនិធិអាស៊ី បានថ្លែងឱ្យដឹងថា កម្មវិធីប្រកួតថតវីដេអូណែនាំអំពីអាជីពការងារទាក់ទងទៅនឹងមុខជំនាញ S.T.E.M. នេះ គឺរៀបចំឡើងដើម្បីបង្កើនចំណាប់អារម្មណ៍សិស្សនិសិ្សតអំពីគុណតម្លៃ​ និងតម្រូវការចាំបាច់នូវមុខវិជ្ជាជីវៈទាក់ទងទៅនឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលកំពុងវិវឌ្ឍឈានឡើង ហើយវិនិយោគិនកាន់តែច្រើនចាប់ផ្តើមបណ្តាក់ទុន​ក្នុងវិស័យនេះ ដែលតម្រូវឲ្យមានការផលិតធនធានមនុស្សស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ។

អ្នកស្រីបានបន្ថែមថា កម្មវិធីប្រកួតផលិតវីដេអូខ្លីរយៈពេល ៣ នាទីនេះដែរ គឺដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានដល់សិស្សនិស្សិត ពីប្រភេទអាជីពការងារនានាដែលជាមូលដ្ឋានជួយសម្រួលដល់ពួកគេក្នុងការសម្រេចចិត្តរើសមុខវិជ្ជាសិក្សាឱ្យបានត្រឹមត្រូវ ផ្អែកលើព័ត៌មានដ៏មានតម្លៃផ្តល់តាមរយៈវីដេអូប្រកួត។

ការផលិត​វីដេអូរៀបចំឡើងដោយអង្គការមូលនិធិអាស៊ីនេះ គឺនឹងធ្វើឡើងដោយមានការចូលរួមប្រកួតគ្នាដោយស្ម័គ្រចិត្ត ពីនិសិ្សតមកពីសកលវិទ្យាល័យចំនួនប្រាំ ដែលរួមមាន តិចណូ បញ្ញាសាស្ត្រកម្ពុជា ន័រតុន ភូមិន្ទភ្នំពេញ និងហ្សាម៉ាន់។​ បច្ចុប្បន្ន មានសិស្សចំនួន​ ១៥ ក្រុម (មួយក្រុមមាន​ពីរនាក់) ចូលរួមប្រកួតក្នុងកម្មវិធីនេះ។ ចំពោះការផលិតវីដេអូនេះ សិស្សនិស្សិតក្រុមនីមួយៗក៏បានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តផលិតវីដេអូខ្លីបែបអាជីពរយៈពេលពីរថ្ងៃពីផលិតករភាពយន្តជើងចាស់ លោក ឱ គីមសួរ និងមានការផ្តល់ប្រឹក្សាពីអង្គការផងដែរ។​

អ្នកស្រី ស៊ីវហុង បានបន្ថែមថា៖ «នេះគឺជាកម្មវិធីប្រកួតផលិត​​វីដេអូអប់រំអាជីពការងារលើកទីមួយ ហើយវាជាការដកបទពិសោធន៍សម្រាប់ដំណើរគាំទ្រនិស្សិតឲ្យមានជំនាញបន្ថែមលើការផលិតវីដេអូ ទន្ទឹមនឹងនោះ អាចបម្រើផលប្រយោជន៍សង្គម ជួយដល់សិស្ស ឬសាធារណៈជន ដែលមិនទាន់យល់ពីមុខជំនាញអាជីពដែលកំពុងមានទីផ្សារនៅកម្ពុជា»។

ចំពោះការដាក់ពិន្ទុ ខាងអង្គការនឹងមានគណកម្មការវាយតម្លៃ ៤ រូប មកពីស្ថាប័ន ៤ ផ្សេងគ្នា ក្នុងនោះ ក៏មានវត្តមានមន្រ្តីមកពីក្រសួងអប់រំ ស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ សម្រាប់កាលបរិច្ឆេទផលិត នឹងរៀបរៀងចាប់ផ្តើមពីខែមករា ដល់ខែមីនា។

គួរបញ្ជាក់ថា មូលនិធិអាស៊ី គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិមិនរកម្រៃ មានបទពិសោធន៍​ជាង ៦ ទសវត្សរ៍លើការលើកកម្ពស់ជីវភាព​ប្រជាជន ហើយមានការិយាល័យនៅ ១៨ ​ប្រទេស​ក្នុងតំបន់អាស៊ី។​​ អង្គការនេះ ផ្តោតកិច្ចអន្តរាគមន៍លើបញ្ហាចម្បងៗដូចជា​ លើកកម្ពស់អភិបាលកិច្ច អប់រំ បរិស្ថាន ពង្រីកឱកាសសេដ្ឋកិច្ច ផ្តល់ភាពអង់អាចដល់ស្ត្រី​ និងពង្រឹងកិច្ចសហការណ៍អន្តរជាតិជាដើម៕

 

 

មតិយោបល់