ព័ត៌មានជាតិ

ករណី​ឃាតកម្មលើសង្សារ​ជា​និសិ្សតវ៉ាន់ដា តុលាការប្រកាសសាលដីកានៅខែក្រោយ

ភ្នំពេញ៖ ក្រោយពីតុលាការសាលាដំបូងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦កន្លងទៅបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទ ឃាតកម្មគិតទុកជាមុន លើជនរងគ្រោះឈ្មោះ សុង ដាវីន ជានិសិ្សតសាលាវ៉ាន់ដា ដែលជាសង្សារ ជនជាប់ចោទឈ្មោះ ហុង កាលីឌីន នៅតែបន្តរកច្រកចេញពីពន្ធនាគារតាមរយៈការប្តឹងឧទ្ធរណ៍។

ក្រោយពីប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមតុលាការក្រុងភ្នំពេញរួចមកនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះលោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ហុង កាលីឌីន និងបានលើកពេលទៅប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។

តើសំណុំរឿងមួយនេះអាចប្រែព័ណ៌ទៅជាយ៉ាងណា ឬរក្សាព័ណ៌ដដែលដូចកាលគ្រានៅដំណាក់កាលតុលាការថ្នាក់ក្រោមឬក៏យ៉ាងណានោះ មហាជនកំពិងតែរងចាំស៣ចក្តីសម្រេចរបស់តុលាការ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦កន្លងទៅលោក វ៉េង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ ហុង កាលីឌីន ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឲ្យសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២០លានរៀល ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ យោងតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់