ព័ត៌មានបច្ចេកវិទ្យា

របៀបប្រើមុខងារ 3D Touch ចុងក្រោយបង្អស់

3D Touch គឺជាមុខងារពិសេសថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប៉ះបញ្ជាដោយម្រាមដៃសង្កត់ទៅលើផ្ទៃអេក្រង់ទូរសព្ទលើកម្មវិធីណាមួយបាន។ តាមរយ:មុខងារនេះ លោកអ្នកអាចធ្វើការបានច្រើនយ៉ាងនៅលើផ្ទៃអេក្រង់ ដូចជា ចុចសង្កត់បន្តិចត្រង់ឡូហ្គូកម្មវិធីណាមួយដើម្បីធ្វើសកម្មភាពលើវាដោយមិនចាំបាច់ចូលក្នុងកម្មវិធីផ្ទាល់ ឆ្លើយតបសារជូនដំណឹង មើលសារដោយមិនចាំបាច់បើកចូលក្នុងកម្មវិធី ឬតំណភ្ជាប់ រំកិលចំណុចសរសេរ បើកផ្ទាំងផ្លាស់ប្តូរកម្មវិធី និងមើលសកម្មភាព ​Live Photos ជាដើម។ល។

បច្ចុប្បន្នមុខងារ 3D Touch នេះមានតែនៅលើទូរស័ព្ទដៃ iPhone ចាប់ពីស៊េរី 6s ឡើងប៉ុណ្ណោះ ហើយជាមួយនឹងប្រព័ន្ធ iOS 10.2 ពេលនេះ លោកអ្នកអាចប្រើមុខងារ 3D Touch បានកាន់តែសម្បូរបែប។

ប្រើប្រាស់មុខងារ 3D Touch នៅលើមឺនុយកម្មវិធី

ការប្រើប្រាស់ដ៏សាមញ្ញមួយនៃ 3D Touch យើងមិនចាំបាច់តែចូលក្នុងកម្មវិធី ដើម្បីបើកប្រើនោះទេ គឺថាយើងអាចប្រើ 3D Touch មកជំនួយក្នុងការបើកប្រើឲ្យរហ័សជាងនេះទៅទៀត។

១ – ចុចសង្កត់លើកម្មវិធីណាមួយ ឧទាហរណ៍៖ កម្មវិធី Instagram

២ – ចុចយកជម្រើសណាមួយដែលលោតចេញមក ធ្វើដូចនេះដើម្បីបង្កភាពងាយស្រួល និងឆាប់រហ័សជាងការបើកធម្មតា

សម្រាប់ឯកម្មវិធី Messages វិញ យើងអាចធ្វើការចុចសង្កត់នៅលើវា ដើម្បីផ្ញើសារទៅកាន់មនុស្សដែលយើងធ្លាប់បានទំនាក់ទំនងច្រើនជាងគេ យ៉ាងឆាប់រហ័សបំផុត។

១ – ចុចសង្កត់លើកម្មវិធី Message

២ – ជ្រើសរើសយកឈ្មោះអ្នកណាម្នាក់ដែលអ្នកចង់ផ្ញើសារទៅកាន់ពួកគេ

ខណ:ពេលដែលអ្នកកំពុងទាញយកកម្មវិធីមួយចំនួន អ្នកប្រកដជានឹងត្រូវការជម្រើសបីមុខនេះ Prioritize Download (ទាញយកកម្មវិធីនេះមុនគេ) Pause Download (ផ្អាកការទាញយក) Cancel Download (បោះបង់ការទាញយក) ។

១ – ចុចសង្កត់លើកម្មវិធីណាមួយដែលកំពុងទាញយក

២ – ជ្រើសយកសកម្មភាពណាមួយក្នុងចំណោមបីនេះ

  • Prioritize Download
  • Pause Download
  • Cancel Download

នៅត្រង់ប្រអប់ផ្ទុកកម្មវិធី ក៏អាចប្រើមុខងារ 3D Touch បានដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្តូរឈ្មោះ (Rename) និងបើកកម្មវិធីណាមួយដោយមិនចាំបាច់ចូលក្នុងប្រអប់ផ្ទុកកម្មវិធីនោះឡើយ។

១ – ចុចសង្កត់លើប្រអប់ផ្ទុកកម្មវិធីណាមួយ

២ – ចុចយកជម្រើសណាមួយ ដែលអ្នកចង់ធ្វើ

ចំណាំ៖ កម្មវិធីមួយចំនួនធំដែលមាននៅលើ AppStore សុទ្ធសឹងតែអាចធ្វើការបានជាមួយមុខងារ 3D Touch ដោយលោកអ្នកគួរតែសាកល្បងអនុវត្តតាមជំហានដែលបានណែនាំពីខាងលើមក។

វិធីប្តូរប្រើកម្មវិធីពីមួយទៅមួយដោយប្រើ 3D Touch

១ – ចុចសង្កត់លើគែមអេក្រង់ផ្នែកខាងឆ្វេង ភ្លាមនោះផ្ទាំងផ្លាស់ប្តូរកម្មវិធីនឹងលោតចេញមក

២ – អូសឆ្វេង​ ឬស្តាំរួចរំកិលឲ្យចំកម្មវិធីដែលអ្នកបម្រុងនឹងប្តូរទៅ

៣ – ចុចលើកម្មវិធីមួយនោះដើម្បីបើកចូលវា

វិធីលុបការផ្តល់ជូនដំណឹងម្តងទាំងអស់ ដោយប្រើប្រាស់ 3D Touch

១ – បើកផ្ទាំងផ្តល់ជូនដំណឹង ដោយអូសពីលើអេក្រង់ចុះក្រោម

២ – ចុចសង្កត់លើសញ្ញា X

៣ – រួចចុចពាក្យថា Clear All Notifications មានន័យថាលុបការផ្តល់ជូនដំណឹងចោលទាំងអស់

របៀបប្រើប្រាស់មុខងារ ​3D Touch នៅលើផ្ទាំង Control Center

១ – បើកផ្ទាំង Control Center ដោយអូសពីក្រោមអេក្រង់ឡើងលើ អ្នកនឹងឃើញមានប៊ូតុង គ្រាប់គឺ Flashlight, Timer, Calculator និង Camera

២ – ចុចសង្កត់លើប៊ូតុងណាមួយ រួចអ្នកនឹងឃើញមានជម្រើសផ្សេងៗ

៣ – អ្នកអាចចុចលើជម្រើសណាមួយ ទៅតាមតម្រូវការ

របៀបចុចមើលសកម្មភាព Live Photo ដោយប្រើមុខងារ 3D Touch

១ – បើកកម្មវិធី Photos

២ – ចុចចូលក្នុងអាល់ប៊ុម All Photos

៣ – ចុចសង្កត់លើរូបភាព Live ណាមួយ សកម្មភាពនៃរូបភាពនោះនឹងចាប់ផ្តើមចាក់ ខណ:ពេលដែលអ្នកកំពុងចុចសង្កត់លើវា ហើយវានឹងឈប់ចាក់វិញ ប្រសិនបើអ្នកដកដៃចេញលែងចុចវា

//www.youtube.com/watch?time_continue=30&v=TaxPUlzAZDA

របៀបរំកិលចំណុចសរសេរ ដោយប្រើ 3D Touch

គ្រប់ពេលដែលអ្នកកំពុងវាយអក្សរនៅលើកម្មវិធីណាមួយក៏ដោយ អ្នកប្រហែលជាអាចមានកំហុសបន្តិចបន្តួចក្នុងការសរសេរ ក្រោយមកអ្នកប្រាកដជាចង់រំកិលចំណុចសរសេរទៅត្រង់កន្លែងណាមួយជាមិនខាន ដោយមិនចាំបាប់ចុចលើតួអក្សរនោះឡើយ ហើយអ្នកអាចប្រើ 3D Touch មកជំនួយបានផងដែរ។

១ – សាកវាយអក្សរនៅលើកម្មវិធីណាក៏បាន

២ – អ្នកអាចសាករំកិលចំណុចសរសេរដោយប្រើ 3D Touch

៣ – ចុចសង្កត់នៅលើផ្ទាំងក្តាចុច (ចុចត្រង់ណាក៏បាន) ហើយរំកិលទៅឲ្យចំកន្លែងដែលអ្នកត្រូវការ រួចចាំលែងដៃ ជាការស្រេច

//www.youtube.com/watch?v=2GEal_6utYo

របៀបកែកុនការប្រើ 3D Touch

១ – បើកកម្មវិធី Settings

២ – ចុចចូល General

៣ – ចុចចូល ​Accessibility

៤ – ចុចចូល 3D Touch

៥ – នៅត្រង់ផ្ទាំង 3D Touch អ្នកអាចទាញបិទ ឬបើកមុខងារនេះបានផងដែរ

៦ – អ្នកអាចផ្លាស់ប្តូរកម្លាំងនៃការចុច 3D Touch ទៅតាមជម្រើសបីមុខ

  • Light ចុចសង្កត់ដោយប្រើកម្លាំងស្រាល
  • Medium ចុចសង្កត់ដោយប្រើកម្លាំងមធ្យម
  • Firm ចុចសង្កត់ដោយប្រើកម្លាំងធ្ងន់

៧ – ទាញឆ្វេង ឬស្តាំទៅតាមជម្រើសដែលអ្នកពេញចិត្ត

បញ្ជាក់៖ ទាំងអស់នេះជាកិច្ចការដែលត្រូវប្រើប្រាស់ជាមួយមុខងារ 3D Touch ដែលយើងគ្រប់គ្នាពុំគួររំលងចោលឡើយ ហើយប្រសិនបើកំណែថ្មីរបស់ប្រព័ន្ធ​ iOS មានបញ្ចូលជម្រើសថ្មីៗនៅលើមុខងារនេះទៀត ក្រុមការងារ Post Tech សន្យាថានឹងបង្ហាញពីរបៀបប្រើប្រាស់ជាភាសាខ្មែរបែបនេះ ជូនដល់ប្រិយមិត្តទាំងឡាយឲ្យបានជ្រាបច្បាស់បន្ថែមទៀត៕

មតិយោបល់