(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលអាមេរិក នៅថ្ងៃចន្ទ ទី១២ ខែកក្កដានេះ បាននិយាយថាប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឬពីរដូស មិនទាន់ត្រូវការចាំបាច់ចាក់វ៉ាក់សាំង ដូសទី៣នៅឡើយទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកតំណាងមកពីក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ។
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះក៏បានកត់សម្គាល់ដែរថាបណ្ដាប្រទេសអ្នកមានមិនគួរបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ជូនប្រជាជនរបស់ខ្លួននោះទេ ខណៈបណ្ដាប្រទេសដទៃនៅមិនទាន់មានវ៉ាក់សាំង COVID-19 គ្រប់គ្រាន់ចាក់ឱ្យប្រជាជនរបស់ពួកគេនៅឡើយ
ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer កាលពីសប្ដាហ៍មុនបានឱ្យដឹងថាខ្លួនកំពុងស្នើសុំការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិកសម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដូសទី៣ ហើយការស្នើសុំនេះធ្វើឡើងដោយផ្អែកលើភស្តុតាងហានិភ័យនៃការឆ្លង COVID-19 ក្រោយចាក់វ៉ាក់សាំងគ្រប់ដូស ឬ២ដូស បាន៦ខែ និងការព្រួយបារម្ភពីការឆ្លងរាតត្បាត នៃវីរុសបម្លែងថ្មី Delta។
យ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យម្នាក់មកពីក្រសួងសុខាភិបាលអាមេរិក កិច្ចពិភាក្សាអាចនឹងបន្តធ្វើឡើងដើម្បីកំណត់ឱ្យច្បាស់ថាតើពេលណា ទើបការវ៉ាក់សាំងដូសទី៣ ត្រូវតម្រូវឱ្យធ្វើជាចំាបាច់៕
ប្រភព៖ Reuters
មតិយោបល់