កម្មការិនីបើកលុយសប្បាយចិត្តសើចផងញញឹមផង ត្រូវបុរសម្នាក់ទះកំភ្លៀងហើមមុខ ព្រោះទើសចិត្តពេក

ភ្នំពេញ: កម្មការិនីម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ក្រោយពីមានបុរសម្នាក់ ដែលធ្វើការនៅក្នុងរោងចក្រជាមួយគ្នា បានទះកំភ្លៀងនាង បណ្តាលឱ្យហើមមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ រសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងរោងចក្រឈីងអីង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ ផាន់ ចាន់រ៉ុង អាយុ២១ឆ្នាំ ធ្វើការក្នុងរោងចក្រឈីងអីង ស្នាក់នៅផ្ទះល្វែងសម្បត្តិ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិព្រៃពោធិ៍ ឃុំរ៉លេចស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ រីឯបុរសជាជនបង្ករមិនស្គាល់អត្តសញ្ញាណនោះទេ ស្គាល់ត្រឹមតែដឹងថាគេហៅថា មាន អាយុជាង២០ឆ្នាំ ធ្វើការនៅរោងចក្រខាងលើជាមួយជនរងគ្រោះ។

យោងតាមសម្តីកម្មការិនីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ នាងបានដើរទៅបើកលុយបាយនៅកក្នុងរោងចក្រ ដោយដើរបណ្តើរញញឹមបណ្តើរមើលគេមើលឯង ខណៈនោះជនបង្ករ បាននិយាយថា ឆ្កួតទេអី ហើយប្រាប់អ្នកដ៏ទៃថាជនរងគ្រោះជាមនុស្សឆ្កួត។ ខណៈនោះជនរងគ្រោះ បានចង្អុលមុខ ហើយជនបង្ករបានស្រែកគំរាមថាប្រយ័ត្នអញវាយចូលក្រោមតុ។ បន្ទាប់មកនាងក៏បានដើរមកអង្គុយក្បែរតុមិត្តភ័ក្រ ស្រាប់តែជនបង្ករស្ទុះមកវាយមួយដៃចំមុខបណ្តាលឱ្យមុខរបស់ហើមតែម្តង។

ក្រោយពីកើតហេតុនៅម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទើបនារីរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ ដើម្បីប៉ូលិសចាត់ការតាមច្បាប់៕

មតិយោបល់