អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Matti នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត របស់ក្រុងវ៉ាស៊ីនតោន ដើម្បីការពារជប៉ុន ដោយរួមបញ្ចូលទាំងក្រុមកោះ កំពុងមានជម្លោះ ខណៈដែលត្រូវបានចិនអះអាងថាជារបស់ខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក Matti បានឲ្យដឹងថា «ខ្ញុំបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយយូរ
អង្វែងរបស់យើង រឿងបណ្តុំកោះសេនកាគូ អាមេរិកនឹងបន្តការទទួលស្គាល់ការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជប៉ុន នៅលើកោះមួយនេះ ដែលវាស្ថិតក្នុងមាត្រាទី៥ នៃសន្ធិសញ្ញាសន្តិសុខអាមេរិក និងជប៉ុនដែលត្រូវអនុវត្ត»។
មាត្រា៥នៃសន្ធិសញ្ញានេះ បាននិយាយថា អាមេរិកនឹងការពារទឹកដីក្រោមការគ្រប់គ្រងរបស់ជប៉ុន ដែលរួមបញ្ចូល ទាំងកោះសិនកាគុ ដែលជាក្រុមកោះគ្មានមនុស្សរស់នៅ ក្នុងសមុទ្រចិនខាងកើត ដែលចិនហៅកោះនេះថា ទាវយូ។
ភាពតានតឹងជាច្រើនដង បានកើតមានទ្បើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅលើកោះនោះ ដែលរួមបញ្ចូលទាំងការប្រឈមមុខរវាងយន្តហោះកងទ័ពជើងទឹក និងអាកាស ដែលអាចបង្កគ្រោះថ្នាក់ដល់ភាគីទាំងពីរផងដែរ។
សូមជំរាបថា ដំណើរទស្សនកិច្ច Matti ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាយុទ្ធនាការ ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្វើការគាំទ្រសមភាគីទីក្រុងសេអ៊ូល និងតូក្យូ ក្នុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរខ្លួន ព្រមទាំងការរក្សាកងទ័ពឈរជើងអាមេរិក នៅក្នុងប្រទេសទាំងពីរ៕
មតិយោបល់