ព័ត៌មានជាតិ

ក្រុមក្មេងរពឹសដៃ៣នាក់ លួចទូរសព្ទគេតម្លៃ៤០០ដុល្លារ លក់ឲ្យគេបាន៩ម៉ឺន ត្រូវម្ចាស់ទូរសព្ទប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ក្រុមក្មេងរពឹសដៃ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យការឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាពលួចទូរសព្ទម៉ាក Samsung S7តម្លៃ ៤០០ដុល្លារ ពីបុរសអ្នករត់ម៉ូតូ យកទៅលក់ឲ្យអ្នកទទួលផលចោរកម្មម្នាក់ បានលុយតែ៩ម៉ឺនរៀល ត្រូវបានម្ចាស់ទូរសព្ទដឹងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧។

បើតាមសម្តីរបស់ម្ចាស់ទូរសព្ទមានឈ្មោះ តៅ តាំង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្រុម៩ ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង១៣ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ រូបគាត់បានត្រឡប់មកពីរត់ម៉ូតូឌុបវិញ ហើយយកទូរសព្ទដៃរបស់គាត់ សាកថ្មទុកលើទូរ ហើយចូលបន្ទប់ទឹក លុះពេលរូបគាត់ចេញពីបន្ទប់ទឹកវិញ ពុំឃើញទូរសព្ទ ទើបដឹងថាចោរលួចបាត់។ លុះរហូតដល់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំមានក្មេងប្រុសម្នាក់ដែលជាក្រុមជាមួយគ្នាជាមួយក្មេងដែលលួចទូរសព្ទមកប្រាប់គាត់ថា អា រតនា លួចទូរសព្ទអ៊ំឯង យកទៅលក់បាន៩ម៉ឺនរៀល ចែកគ្នា៣នាក់ បានម្នាក់៣ម៉ឺនរៀល យកលុយទៅលេងហ្គេមណេត ចាញ់អស់ហើយ។

ខណ:នោះរូបគាត់ ក៏បានដឹកក្មេងប្រុសនោះ មកកន្លែងបញ្ចាំ ដើម្បីសុំលួសទូរសព្ទវិញតែអ្នកទទួលទិញមិនព្រមលួសឲ្យ ទើបរូបគាត់មកប្តឹងប៉ូលិសស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍តែម្តង ទើបអ្នកទទួលទិញរូបនេះសុខចិត្តចេញលុយសងម្ចាស់ទូរសព្ទវិញចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័៕

មតិយោបល់