ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត ឥណ្ឌា ព្រមឱ្យ Apple ផលិត iPhone ក្នុងទឹកដីខ្លួនហើយ

បន្ទាប់ពីបានចរចាគ្នាអស់រយ:ពេលជាងមួយឆ្នាំរួចមក ទីបំផុតទៅ ក្រុមហ៊ុន Apple ត្រូវបានអនុញ្ញាត​ឱ្យផលិតទូរសព្ទដៃ iPhone នៅក្នុងប្រទេសដែលមានកំណើតទីផ្សារស្មាតហ្វូនខ្លាំងជាងគេបំផុតក្នុងលោកនេះហើយ។ នេះបើយោងតាមរដ្ឋមន្រ្តីបច្ចេកវិទ្យាព័ត៌មាន លោក Priyank Kharge ថ្លែងប្រាប់ទីភ្នាក់ងារ AFP។

រដ្ឋមន្រ្តីរូបនេះបានបន្ថែមថា ក្រុមហ៊ុន Apple នឹងចាប់បើកចង្វាក់ផលិតកម្មរបស់ខ្លួននៅចុងខែមេសា នៅក្នុងខេត្ត  Karnataka ភាគខាងត្បូងប្រទេស ហើយដែលទំនងជាផលិត iPhone សម្រាប់បំពេញតម្រូវការទីផ្សារក្នុងតំបន់។

ចំពោះដំណឹងផ្លូវការនេះ គឺពុំទាន់ទទួលបានការគូសបញ្ជាក់ពីក្រុមហ៊ុន Apple នៅឡើយទេ ប៉ុន្តែ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Tim Cook បានមានប្រសាសន៍ក្នុងសប្តាហ៍នេះថា ក្រុមហ៊ុនចង់វិនិយោគទ្រង់ទ្រាយធំក្នុងប្រទេសឥណ្ឌា ជាទីដែលនឹងផ្តល់ឱកាសកំណើតទីផ្សារដល់ផលិតផល iPhone របស់ខ្លួន ខណ:នៅប្រទេសចិនការលក់មានកំណើនទាប។

គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សអាមេរិក មានចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌាត្រឹមតែ ២% ប៉ុណ្ណោះ ខណ:ដែលក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung មានរហូតដល់ ២៣%។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Canalys។ ទោះយ៉ាងណា បើគិតតួលេខលក់ទូរស័ព្ទមានតម្លៃចាប់ពី ៤៥០ ដុល្លារ ឡើងទៅ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Apple ទទួលបានចំណែកទីផ្សាររហូតដល់ ៤៨%៕

ប្រភពព័ត៌មាន: dawn

អត្ថបទពាក់ព័ន្ធ:
ក្រុមហ៊ុន Apple មិនអាចបន្ទន់ចិត្ត India ឱ្យខ្លួនបង្កើតរោងចក្រតាមសំណើរ
ឥណ្ឌា កំពុងពិចារណាសំណើរក្រុមហ៊ុន Apple ក្នុងការដំឡើងរោងចក្រដំបូងបង្អស់នៅក្នុងប្រទេស
នាយកក្រុមហ៊ុន Apple នឹងទៅឥណ្ឌានាសប្តាហ៍ក្រោយ បន្ទាប់ពីឃើញសញ្ញាភ្លើងខៀវ

មតិយោបល់