ព័ត៌មានជាតិ

តុលាការសម្រេចព្យួរទោស យុវតីលួចលុយថៅកែហាងលក់សាច់ឆ្កែ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: ក្រោយពីបើកសវនាការជំនុំជម្រះផ្ទាល់ នៅរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ លោក យិន សារឿន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបាន ប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដាក់ពន្ធនាគារកំណត់រយ:ពេល ៦ខែ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរធម្មតា និងតម្រូវឲ្យសងសំណងជំងឺចិត្តទៅឲ្យដើមបណ្ដឹង ចំនួន ១,៥០០,០០០រៀល ក្រោមបទចោទ លួច ប្រព្រឹត្តកាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ ចំណុចផ្ទះជួលគ្មានលេខ ហាងលក់សាច់ឆ្កែ យីហោ ស្រពៅ ៩៩៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ យោងតាមមាត្រា ៣៥៣ មាត្រា ៣៥៦ មាត្រា ៦០៦ និងមាត្រា៦០៧ នៃក្រមព្រហ្មទណ្ឌ។

ថ្លែងនៅក្នុងសវនាការនារសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ លោកស្រី ថៃ ចន្ទី ជាប្រពន្ធ និងលោក ហេង សីនី ជាប្តី ថៅកែហាងលក់សាច់ឆ្កែ យីហោ ស្រីពៅ៩៩ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី បានបញ្ជាក់ថា តាំងពីខែសីហា ឆ្នាំ២០១៦ មកពួកគាត់បានបាត់លុយសរុបអស់ ១៥០០ដុល្លារដោយសង្ស័យលើបុគ្គលិកក្រោយមកក៏បំពាក់កាមេរ៉ា សុវត្ថិភាពដើម្បីឃ្លាំមើលអ្នកលួចលុយ។ លុះដល់ថ្ងៃកើតហេតុក៏ស្រាប់តែបាត់លុយអស់ ៣០ដុល្លារ និងបើកមើលកាមេរ៉ា ឃើញជនជាប់ចោទឈ្មោះ ទូច ស្រីគន្ធ ជាអ្នកយក។ ដើមបណ្ដឹងបានប្តឹងទាមទារសំណងខូចខាត និងសំណងជំងឺចិត្តសរុបចំនួន ២០០០ដុល្លារ។

ជនជាប់ចោទឈ្មោះ ទូច ស្រីគន្ធ បានសារភាពថា ខ្លួនពិតជាបានលួចលុយថៅកែ ចំនួន ៦លើក ពិតប្រាកដមែន ដោយលួចមួយលើកៗ យកលុយពី១០ដុល្លារ ទៅ៣០ដុល្លារ។

សូមបញ្ជាក់ថា សំណុំរឿងនេះក៏មានមន្ត្រីគ្រាក់ៗ របស់រដ្ឋាភិបាល រួមមាន លោក ហ៊ុន ជា ក្មួយប្រុសបង្កើតសម្តេចនាយករដ្ឋមន្ត្រី និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជាដើម ដែលទាមទារសុំឲ្យមានការពិនិត្យឲ្យបានច្បាស់លាស់ សំដៅស្វែងរកសេចក្តីអនុគ្រោះដល់ជាជាប់ចោទផងដែរ។

ពាក់ព័ន្ធករណីនេះលោក ទៀង ច័ន្ទសា អធិការខណ្ឌឫស្សីកែវ បានថ្លែងថា ចំពោះរឿងនេះក្នុងមានលោកជានគរបាលយុត្តិធម៌ នៅពេលមានបទល្មើស លោកត្រូវតែអនុវត្តច្បាប់ ដោយមិនគិតថា ជាបទល្មើសធំ ឬតូច នោះទេ។ លោកបន្ដថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ លោកបានធ្វើការរាយការណ៍ជូនព្រះរាជអាជ្ញា ដើម្បីសុំគោលការណ៍ និងឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការឲ្យចាត់ការតាមនីតិវិធីតែប៉ុណ្ណោះ។

គួររំឭកថា ជនសង្ស័យឈ្មោះ ទូច ស្រីគន្ធ អាយុ ១៧ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ថៅកែហាងលក់សាច់ឆ្កែ យីហោ «ស្រីពៅ៩៩» ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ៕

មតិយោបល់