ភ្នំពេញៈ បុរសម្នាក់ បើកម៉ូតូជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួល រងរបួសធ្ងន់ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២១១ កែងនឹងផ្លូវ៣៣៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមសាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូឌ្រីមសង់ សេ១២៥ ពណ៌ក្រហម ស្លាកលេខ ក្រុងព្រះសីហនុ 1A-2690 បើកបរដោយយុវជនម្នាក់ពាក់មួកសុវត្ថិភាពពណ៌ក្រហម ពីត្បូងទៅជើង តាមផ្លូវ២១១ បានមកដល់ផ្លូវកែងនឹងផ្លូវ៣៣៦ បានបើកឆ្លងជិតផុតផ្លូវទៅហើយ ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BS-8169 ពីលិចទៅកើតតាមផ្លូវ៣៣៦ ក្នុងល្បឿនលឿនបានមកបុកចំពាក់កណ្តាលម៉ូតូកាត់ទទឹង បណ្តាលឲ្យដួលបោកក្បាលទៅខាងក្រោយរៀងៗខ្លួន តែអ្នកត្រូវគេបុករងរបួសស្រាល រីឯអ្នកជិះម៉ូតូពណ៌ខ្មៅ មិនមានពាក់មួកសុវត្ថិភាពរងរបួសធ្ងន់ ត្រូវបានអ្នកស្គាល់ដឹកតាមរម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំធ្វើការដោះស្រាយនាពេលក្រោយតាមផ្លូវច្បាប់ ៕
មតិយោបល់