ព័ត៌មានអន្តរជាតិ

ពលរដ្ឋក្រិកជាង៧​ម៉ឺន​នាក់ ​ត្រូវជម្លៀសចេញ​ ដើម្បីដោះគ្រាប់បែកសង្គ្រាមលោកលើកទី២ ​ទម្ងន់​២៥០​គីឡូក្រាម

ក្រិកៈ ពលរដ្ឋ​​ជាង​៧​ម៉ឺន​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​ នៅក្នុង ​Thessaloniki ​​ជា​ទីក្រុង​ធំ​ជាងគេ​បង្អស់​ទី​២​ នៅ​​ប្រទេសក្រិក ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​ អាច​ដោះគ្រាប់​បែក​ ដែល​នៅ​សេស​សល់​ពី​សង្គ្រាម​លោក​លើក​ទី​២។ នេះបើយោងតាមសារយៈព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ​

គ្រាប់​បែកនេះ ​មាន​ផ្ទុក​សារធាតុ​ផ្ទុះ​ទម្ងន់​ ២៥០​គីឡូក្រាម​ ​ត្រូវ​បាន​រក​ឃើញនៅ​ក្រោម​ដី​ជម្រៅ​៥​ម៉ែត្រ​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​ជីក​រណ្តៅ​នៅ​ឯ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ ​កាល​ពី​សប្តាហ៍​មុន​។ ​

ប៉ូលិស​បាន​ប្រាប់​ប្រជាពលរដ្ឋ​​រស់​នៅ​ ក្នុង​រង្វង់បរិវេណដី ​២​គីឡូ​ម៉ែត្រ ដែល​ភាគច្រើន​នៅ​ប៉ែក​ខាង​លិច​ជាយ​ក្រុង​ Kordelio ឲ្យ​ចាក​ចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន។

ពលរដ្ឋ​ជា​ច្រើន​ចាក​ចេញ​ដោយ​ជិះ​រថយន្ត​ផ្ទាល់​ខ្លួន ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ក្រុង​ទៅ​កាន់​សាលារៀន​ និង​កន្លែង​លេង​កីឡា​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង ដែល​នៅ​ទីនោះ​ពួកគេ​អាច​រក​ស្បៀង​អាហារ​ និង​ទីជម្រក​បាន។

អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ ​អាច​បន្ត​ដល់​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​ក្រុម​យោធា​បានឲ្យ​យោបល់​ថា អាច​ត្រូវ​ការ​ពេល​វេលា​យូរ​ជាង​នេះ ​ដើម្បី​ដោះ​គ្រាប់បែក​នេះ និង​ដឹក​ជញ្ជូន​ទៅ​កាន់​កន្លែង​មួយ​នៅ​ក្បែរ​នេះ ​ដែល​អាច​កម្ទេច​វា​ចោលបាន។

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រិក​ បាន​ឲ្យ​ដឹង​ថា គ្រាប់​បែក​នេះ ​ត្រូវ​បាន​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​អង់គ្លេស​ ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​ស្ថានីយ៍​រថភ្លើង​មួយ​ និង​កំពង់ផែ​មួយ​ ដែល​ស្ថិតនៅ​ក្បែរ​ទីក្រុង​នោះ ​កាល​ពី​ឆ្នាំ​១៩៤៣៕

មតិយោបល់