ព័ត៌មានជាតិ

នាំសាហាយមកដេកដល់ផ្ទះក្បត់ចិត្តប្តីយោធា តាមទាន់ផ្អើលសមត្ថកិច្ច

ភ្នំពេញ: បុរសជាមន្រ្តីយោធាម្នាក់ ខណ:ដែលមិនសូវនៅផ្ទះ ត្រូវប្រពន្ធនាំសាហាយមកដេកដល់បន្ទប់របស់ខ្លួន ទើបតាមទាន់ចាក់សោទុកក្នុងបន្ទប់ ហើយប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩ និង១០នាទី យប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលជាសាហាយស្មន់ឈ្មោះ កែវ ហៃ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានប្រពន្ធឈ្មោះ ភឿង ផារឹម អាយុ២៩ឆ្នាំ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ មុខរបរជាកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិកោះសំ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

ចំណែកឯស្រ្តីសាវ៉ាផិតប្តីខាងលើមានឈ្មោះ ម៉េត ចាន់ណា អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ មានប្តីជាមន្ត្រីយោធានៅ‌អង្គភាពកងពលតូច (ង៧០) មានឈ្មោះ វី សាលាង អាយុ៣២ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ៧ឆ្នាំ។

តាមប្រភពពីបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់បានលួចមានទំនាក់ទំនង ជាមួយប្រុសជាសាហាយស្មន់ នោះអស់រយ:ពេលជាង១ឆ្នាំមកហើយ ពេលដែលគាត់មិននៅផ្ទះ នាងតែងតែហៅប្រុសសាហាយ ចូលដេកដល់ក្នុងបន្ទប់របស់ខ្លួន តែគាត់មិនចាប់កំហុសដោយសារ សាហាយស្មន់ទាំង២នាក់នេះ កុហកគ្នាទៅវិញទៅមក ហើយរូបគាត់ធ្លាប់បានព្រមាន បុរសជាសាហាយប្រពន្ធម្តងរួចមកហើយ ដោយប្រាប់ថា មានប្តី និងកូនហើយ កុំទាក់ទងទៀត តែនៅលួចទាក់ទងរហូតទល់តែគាត់មកទាន់ដល់បន្ទប់តែម្តង។

បើតាមសាក្សីឈ្មោះ កេត រ៉ាវី ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាម្ចាស់ផ្ទះជួល ដែលត្រូវជាឪពុកមារបស់បុរសជាប្តី បានបញ្ជាក់ថា រូបគាត់តាមសង្កេតមើលក្មួយថ្លៃឃើញសង្ស័យប្រហែលជាង១ឆ្នាំដែរ ដោយឃើញមានការទំនាក់ទំនងគ្នាតែមិនបានឃើញមុខទេ។

បើតាមការឆ្លើយសារភាពរបស់បុរសសាហាយស្មន់ថា ខ្លួនគេមានទំនាក់ទំនងជាមួយស្ត្រីជាប្រពន្ធរបស់គេជាងមួយឆ្នាំពិតមែន ដោយបានខ្លួនចំនួន៣ដង ដោយនៅផ្ទះសំណាក់១ដង និងនៅផ្ទះជួលរបស់ខ្លួនចំនួន២ដង។

ក្រោយពេលកើតហេតុ បុរសជាប្តីបានដាក់ពាក់បណ្តឹងទៅលើជនសង្ស័យទាំង២ខាងលើ ដើម្បីឲ្យសមត្ថកិច្ចធ្វើការតាមនិតិវិធីច្បាប់៕

មតិយោបល់