ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន
តាមបណ្ដាញទំនាក់ទំនង Telegram ថា ” ក្រោយពីបញ្ចប់សវនាការរឿងក្តីឃាតកម្មលើលោក កែម ឡី នាថ្ងៃនេះសាលាដំបូង នឹងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ពេលព្រឹក ” ។
ថ្លែងនៅក្នុងអង្គសវនាការនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ ជនជាប់ចោទឈ្មោះ ជួប សំលាប់ បានអះអាងថា
ខ្លួនបានបាញ់សំលាប់លោកបណ្ឌិត កែម ឡី ពិតមែន ព្រោះខឹងមិនព្រមសងលុយ ៣០០០ដុល្លារ ។
ជនជាប់ចោទបញ្ជាក់ថាខ្លួនមានឈ្មោះ ជួប សំលាប់ តាំងពីកំណើត និងបច្ចុប្បន្នសាច់ញាតិបានស្លាប់អស់ហើយ។
ព្រោះតែភាពក្រីក្ររូបគេធ្លាប់បានចូលទៅរស់នៅបន្ទាយទាហានមួយ (មិនបញ្ជាក់ទីតាំង) ដើម្បីធ្វើជាអ្នកដាំបាយ យកបាយហូប និងនៅទីនោះហើយដែលខ្លួនបានរៀនបាញ់កាំភ្លើងបានយ៉ាងស្ទាត់ជំនាញ ។ ជនជាប់ចោទបាន បន្ដថា
រូបគេបានទៅប្រទេសថៃដើម្បីធ្វើកម្មករ និងធ្លាប់សុំអំពៅគេហូបជំនួសបាយទៀតផង ។
ជួប សំលាប់ ថាកាំភ្លើងដែលគេប្រើដើម្បីបាញ់សំលាប់លោកបណ្ឌិត កែម ឡី គឺរូបគេទិញពីប្រទេសថៃ តម្លៃ ៥ម៉ឺនបាត ។
ប៉ុន្តែនៅក្នុងសវនាការនាព្រឹកនេះ ជួប សំលាប់ ថារូបគេមិនបានចាំសម្លៀកបំពាក់ដែលលោកបណ្ឌិត កែម ឡី
ស្លៀកក្នុងថ្ងៃស្លាប់នោះទេ បើទោះបីជានៅមុនពេលបាញ់សំលាប់ជនរងគ្រោះ រូបគេបានដើរមើល និងកត់សម្គាល់
អត្តសញ្ញាណជនរងគ្រោះយ៉ាងច្បាស់ក៏ដោយ ។ ក្រោយពេលបាញ់សម្លាប់ជនរងគ្រោះ រូបគេបានរត់ចេញ
ហើយក៏មានជនមិនស្គាល់មុខដេញបាញ់រូបគេសម្លាប់ដែរ ប៉ុន្តែបាញ់មិនត្រូវ ។
សមាសភាពជំនុំជម្រះនៃសំណុំរឿងនេះរួមមាន: ១-លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ,២-លោក លី សុផាណា ជាតំណាងអយ្យការ និងទី៣-លោក សុខ សេង ជាក្រឡាបញ្ជី ។
ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧២ ត្រូវបានលោក លី សុផាណា
តំណាងអយ្យការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បានបាញ់សំលាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍសង្គម និងស្រាវជ្រាវបញ្ហាសង្គម មានទីលំនៅផ្ទះលេខ ០៨E0 ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។
ទោះជាយ៉ាងណាមកដល់ម៉ោង ១២ថ្ងៃត្រង់នេះ លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ
នៅមិនទាន់បិទបញ្ចប់សវនាការនៃសំណុំរឿងនេះនៅឡើយទេ ៕
https://youtu.be/OJ1UWtRxHx0
មតិយោបល់