ភ្នំពេញ: យុវជនម្នាក់ដែលជាសិស្សពូកែប្រចាំវិទ្យាល័យទួលទំពូង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយងងឹតមុខដួលទៅប៉ះរ៉ឺម៉កលក់ភេសជ្ជៈ និងប៉ះឃឿនស្បួនច្បារសន្លប់ស្តូករងរបួសបែកមាត់ ត្រូវប្រជាពលរដ្ឋជួយជូនទៅសមត្ថកិច្ចប៉ុស្ត៏ចតុមុខ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវព្រះស៊ីសុវត្ថិ ក្បែរសួនច្បារខាងមុខអតីតសួនកម្សាន្តឌ្រីមឡែន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ ។
តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា យុវជនរងគ្រោះមានឈ្មោះ អេន សុវណ្ណតារា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យទួលទំពូង ថ្នាក់ទី១២បេដឺ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ៤៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជិះម៉ូតូ Today ពណ៌ស ស្លាកលេខភ្នំពេញ 1CY-3293 ដោយធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ដោយចាកចេញពីវិទ្យាល័យទួលទំពូង មកផ្សារ Aeon និងបានចាកចេញពីផ្សារ Aeon ទៅមុខវាំង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែទៅបុកជាមួយរ៉ឺម៉កលក់ភេសជ្ជៈ និងដួលទៅប៉ះឃឿនសួនច្បារសន្លប់មួយសន្ទុះ ។
ប្រភពដដែលបានបន្តថា ពេលដឹងខ្លួនឡើងរថយន្តសង្គ្រោះនៃមន្ទីរពេទ្យ មកយកទៅព្យាបាលតែយុវសិស្សមិនព្រមឡើង លើរថយន្តសាម៉ុយឡើយ ដោយដើរដូចមនុស្សវង្វេងអញ្ចឹង ។
ដោយប្រជាពលរដ្ឋ និងអ្នកលក់ភេសជ្ជៈឃើញសភាពមិនស្រួលក៏ជួយរឹតទ្រូងសម្រួលអោយដឹងខ្លួន ព្រមទាំងមិនយកឈ្នះចាញ់រឿងគ្រោះថ្នាក់ចរាចរណ៍ បញ្ចប់បញ្ហា អោយយុវសិស្សទៅនរគបាលប៉ុស្ត៏រដ្ឋបាលចតុមុខ ជួយរក្សាទ្រព្យសម្បត្តិ និងទំនាក់ទំនងឪពុកម្តាយមកទទួលទៅផ្ទះវិញ ។
ក្រោយពីម្តាយយុវសិស្សរងគ្រោះមកទទួល បានប្រាប់អោយដឹងថា កូនគាត់មិនដែលមានបញ្ហាចំពោះការចងចាំទេ ប្រហែលជាមុនគ្រោះថ្នាក់កូនរបស់គាត់មានបញ្ហាសុខភាព ទើបបណ្តាលអោយគ្រោះថ្នាក់ដូច្នេះ ៕
https://youtu.be/wu7B_MWirlk
មតិយោបល់