ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវតីជើងឆើត២ក្រុម ខឹងនិយាយដើម ក៏ណាត់វាយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរពេញក្រុងព្រះសីហនុ បណ្តាលឲ្យម្នាក់រងរបួសធ្ងន់សន្លប់បាត់ស្មារតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកន្ទុយនាគឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ អ៊ុ សុផានិត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួលក្រុមទី៤១ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជាអ្នកដៃដល់), ទី២ ឈ្មោះ ធារ៉ា ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយឈ្មោះ អ៊ុ សុផានិត រួមដៃជាមួយជនដៃដល់, និងទី៣ឈ្មោះ ឈុន ប្រុស ភេទទី៣(ខ្ទើយ) អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងអនុស្សាវរីយ៍តាមមាត់សមុទ្រ ស្នាក់នៅក្រុមទី២៦ ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចូលរួមធ្វើសកម្មភាព។
ចំណែកភាគីម្ខាងទៀតដែលរងរបួសធ្ងន់រហូតដល់សន្លប់បាត់ស្មារតីមានឈ្មោះ ម៉ី ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង រស់នៅក្រុមទី៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (រងរបួសចំក្បាលពីក្រោយចំនួន៣កន្លែងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្នជនដៃដល់ទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់