ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេនី ក្វាន់ ប្រកាសជួបក្រសួងតាមលិខិតកោះហៅ

ភ្នំពេញៈ បន្ទាប់ពីបានទទួលលិខិតដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រ ដែលបានកំហិតឲ្យនាងឡើងទៅជួបនៅទីស្ដីការក្រសួងនៅថ្ងៃទី១៧ឧសភា ខាងមុខ តារាសម្ដែងនាងដេនី ក្វាន់បានអះអាងថា នាងបានទទួលលិខិតនោះហើយ ហើយនឹងក៏នឹងទម្លាក់ចោលការងារទាំងអស់ ដើម្បីទៅជួបទទួលការណែនាំរបស់ក្រសួងតាមការកោះអញ្ជើញផងដែរ។

នាងក៏បានប្រកាន់ជំហរទទួលការស្ដីបន្ទោស របស់មន្ត្រីក្នុងក្រសួងវប្បធម៌គ្រប់យ៉ាង ដើម្បីបញ្ចប់នូវភាពចម្រូងសម្រាស់។

ដេនី ក្វាន់និយាយថា«ការពិតថ្ងៃទី១៧ (ឧសភា) ហ្នឹងខ្ញុំរវល់ ប៉ុន្តែដើម្បីឲ្យរឿងគ្រប់យ៉ាងបានចប់ ខ្ញុំនឹងទៅជួបក្រសួង ហើយខ្ញុំគិតថា បើទោះជាថ្ងៃនោះគាត់ចង់ថាអីឲ្យខ្ញុំ ក៏ខ្ញុំទទួលយកដែរ ព្រោះខ្ញុំយល់ថា ការណែនាំរបស់ក្រសួងទើបជាសម្ដីរិះគន់បែបស្ថាបនា ដែលមិនខុសពីឪពុកម្ដាយណែនាំកូនជាសិល្បករ ខ្ញុំគិតថាខ្ញុំសប្បាយចិត្ត ហើយនឹងធ្វើតាមគាត់សម្រាប់អ្វីដែលគាត់ចង់ណែនាំស្ដីថាឲ្យខ្ញុំនោះ»។

យ៉ាងណាមិញ នាងបានបង្ហាញអារម្មណ៍មិនសូវសប្បាយចិត្តប៉ុន្មានទេ ក្នុងពេលដែលលិខិតដែលក្រសួងប្រគល់មកឲ្យនាង គឺនាងមិនទាន់ទទួលបានដល់ដៃ និងបានដឹងថាមានអត្ថន័យយ៉ាងមិចខ្លះផង ស្រាប់តែខ្លឹមសារលិខិតមួយនេះត្រូវបានបង្ហោះព្រោងព្រាតនៅលើហ្វេសប៊ុក។

យោងតាមលិខិតដែលបានផ្ញើជូនពីក្រសួងវប្បធម៌ គឺលោកថៃ នរៈសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រគល់ជូន២សំបុត្រ ដោយមួយសំបុត្រផ្ញើជូនលោកសុះ ម៉ាច ក្នុងនាមជាប្រធានសមាគម និងមួយច្បាប់ផ្ញើជូនកញ្ញាដេនី ក្វាន់ ដើម្បីឲ្យអ្នកទាំងពីរទៅជជែកដោះស្រាយលើបញ្ហាដែលបានកើតឡើងនៅក្នុងក្រសួងវប្បធម៌នៅថ្ងៃទី១៧ ឧសភា វេលាម៉ោង៩ ព្រឹក ដោយមិនមានវត្តមានតារាសិល្បៈផ្សេងទៀតត្រូវបានអនុញ្ញាតិឲ្យចូលរួមនោះទេ។

ការបង្ហាញខ្លួននោះមានការប៉ាន់ស្មានថា ដេនី ក្វាន់ នឹងត្រូវណែនាំពីក្រសួងលើបញ្ហាស្លៀកពាក់ និងការប្រើប្រាស់ពាក្យសម្ដីឆ្លើយតបទៅកាន់អ្នករិះគន់ក្នុងនាមជាសិល្បករម្នាក់។

លិខិតនេះត្រូវបានប្រកាសឡើងបន្ទាប់ពី នាងធ្វើការសុំទោសជាសាធារណៈនៅក្នុងវីដេអូឃ្លីបដែលមានរយៈពេលប្រមានជាង៤នាទី។

ប៉ុន្តែយោងតាមការបង្ហើបឲ្យដឹង គឺក្រសួងគ្រាន់តែហៅនាងទៅណែនាំបន្ថែមតិចតួចប៉ុណ្ណោះ ដោយមិនមានន័យសង្កត់ ឬព្រមានណាមួយនោះទេ៕

photo_2016-05-14_06-40-00 photo_2016-05-14_06-39-52 photo_2016-05-14_06-39-49 photo_2016-05-14_06-39-44 photo_2016-05-14_06-39-32 photo_2016-05-14_06-39-28 photo_2016-05-14_06-39-23 photo_2016-05-14_06-39-16

មតិយោបល់