ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងប្រលះគ្នាពេញទំហឹង ស្លាប់និងរបួស៤នាក់

ពោធិ៍សាត់: នាយផ្នែកប៉ូលិសស្រុកវាលវែងបានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូបុកម៉ូតូ បណ្តាលឲ្យបាក់ជើង២នាក់និងរបួសផ្សេងទៀត។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅម្តុំកន្លែងចាក់ពាង ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ទី១មានឈ្មោះ ឈិន មករា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង របួសបាក់ជើងស្តាំ, ទី២ឈ្មោះ គី សុខគា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសបាក់ជើងស្តាំ,ទី៣ឈ្មោះ ឈឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសក្បាលធ្ងន់ និងទី៤ឈ្មោះ ឆេង ឈាង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្តៅ ឃុំស្តៅ ខេត្តបាត់ដំបង អ្នកទាំង៤នាក់ មានមុខរបរជាមន្ត្រីអង្គការកម្ចាត់មីន ហៅថាហេឡូត្រាស់។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូទ្រីមសង់ ពណ៌ខ្មៅ ស៊េរី០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់1E-1545 មានគ្នាចំនួន៤នាក់ បានបុកជាមួយម៉ូតូទ្រីមសង់ ស៊េរី០១០ គ្មានស្លាកលេខ ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ហ៊ឺ ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯសាកសពត្រូវបានយកមករក្សាទុកនៅវត្តប្រម៉ោយ ដើម្បីរង់ចាំសាច់ញាតិ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកដើម្បីរង់ចាំការដោះស្រាយនាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់