ព័ត៌មានជាតិ

តាក់ស៊ីម៉ែត្រពណ៌ខៀវ មិនទទួលខុសត្រូវ បុកអូសជិត១០០ម៉ែត្រ របួស៣នាក់ ហើយហៅបក្ខពួកមករំដោះ គេចខ្លួនធ្វើព្រងើយ

ភ្នំពេញ: យ៉ាងហោចណាស់មានយុវជន០៣នាក់ បានរងរបួសធ្ងន់ និងស្រាល ពេលដែលត្រូវបានរថយន្ដតាក់ស៊ីម៉ែត្រ បុកពេញទំហឹង និងអូសប្រហែល១០០ម៉ែត្រ ទើបរថយន្ដឈប់ កាលពីវេលាម៉ោង១១និង៤៥នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្ពាននាគ តាមបណ្ដោយមហាវិថីព្រះនរោត្តមកែង និងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញយុវជនបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៍ទឹកប៉ិច ពាក់ស្លាកលេខកណ្ដាល 1E-5284 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតទៅលិច ហើយបានឆ្លងមហាវិថីព្រះនរោត្តម ពេលកំពុងតែឆ្លងផ្លូវមិនទាន់ផុតផងនោះ ក៏បានរថយន្ដតាក់ស៊ីម៉ែត្រមួយគ្រឿងពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AE-8302 ដែលមានលេខទូរសព្ទ័ 010/092 660000 និង 0969090111 ឬ 0969090222 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ដែលបើកយ៉ាងលឿនបុកម៉ូតូពេញទំហឹង បណ្ដាលអ្នកជិះម៉ូតូទាំងបីនាក់ ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ពីរនាក់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវ ជួយហៅរថយន្តមកដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្ដអូសជិត១០០ម៉ែត្រ រងការខូចខាតផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីកើតហេតុរួចបានមួយសន្ទុះ មានរថយន្ដម៉ាកព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0155 បានរំដោះតៃកុងរថយន្តបង្កចេញពីកន្លែងកើតហេតុ ហើយត្រូវបានអ្នកនៅកន្លែងកើតហេតុនាំគ្នាជិះម៉ូតូដេញ តាមរហូតទៅដល់ខាងមុខមន្ទីរពេទ្យ រ៉ូយ៉ាលរតន: ទើបឃាត់បានមកវិញ ដោយឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រជាពលរដ្ឋដែលឈរមើលហេតុការណ៍នោះ បាននាំគ្នារិះគន់ថា អ្នកបើកបរមួយចំនួនមិនមានការទទួលខុសត្រូវការពិត ដោយសំអាងមានបញ្ហាបន្តិចបន្តួច ទូរស័ព្ទហៅមិត្តភក្តិមករំដោះចេញគេចយករួចខ្លួន គ្មានទទួលខុសត្រូវទាល់តែសោះ ហើយម៉្យាងវិញទៀត រថយន្តតាក់ស៊ីភាគច្រើនបើកលឿន មិនសូវគោរពច្បាប់ចរាចរណ៍ នោះទេ ព្រោះអាងតែមិនមែនរថយន្តរបស់ខ្លូនបើកបរព្រហើន ភាគច្រើនសុទ្ធតែអ្នកស្រវឹងថែមទៀត មិនញញើតច្បាប់ពេលមានអាសន្នអាងរត់ចោលរថយន្ត។

ប្រភពព័ត៌មានញ្ជាក់ថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ច បានចុះធ្វើការវាស់វែងយករថយន្ដ និងម៉ូតូកទៅរក្សាទុកនៅការិយាល័យចរាណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតមផ្លូវច្បាប់៕

photo_2016-05-16_08-35-22 photo_2016-05-16_08-35-26 photo_2016-05-16_08-35-28 photo_2016-05-16_08-35-31 photo_2016-05-16_08-35-33

 

 

មតិយោបល់