ភ្នំពេញ: តាមសេចក្តីរាយការណ៍ភ្នាក់ងារ Post News Media បានឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ៨៨ ផ្លូវលេខ ០៧ ភូមិទួលរការ៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា អគ្គិភ័យមួយបានកើតឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងដោយបានឆេះបំផ្លាញអស់សម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួនធំ ខណៈពេលដែលម្ចាស់មិននៅចាក់សោរទ្វារទុកចោលដោយមិនបានដកឌុយខ្សែភ្លើងម៉ាស៊ីនបោកខោអាវចេញត្រឹមត្រូវ ហើយនាំគ្នាចេញទៅរកស៊ីខាងក្រៅបាត់អស់នោះ ។
ប្រភពដដែលបន្តទៀតថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ អ៊ឹម ចាន់វឌ្ឍនៈ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។មុនពេលកើតហេតុ អ្នកជិតខាងបានឃើញមានផ្សែងខ្មៅហុយទ្រលោមចេញពីរោងបាយផ្នែកខាងក្រោយក្នុងផ្ទះខាងលើ ហើយក៏បាននាំគ្នារត់ទៅរកមើលក៏ឃើញមានភ្លើងអណ្តាតភ្លើងកំពុងតែឆាបឆេះយ៉ាងខ្លាំង ហើយក៏បានរាយការណ៍ទៅប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានអោយចុះមក និងហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ។ ករណីអគ្គិភ័យនេះបានកើតឡើង ដោយសារតែទុស្សេរខ្សែរភ្លើងដែលម្ចាស់ផ្ទះដោតឌុយម៉ាស៊ីនបោកខោអាវទុកចោលមិនបានដកចេញ ឬបិតបារ៉ែតភ្លើងឲ្យបានត្រឹមត្រូវ ហើយនាំគ្នាចេញទៅលក់កាហ្វេនៅឯផ្សារអ៊ីអនបាត់អស់នោះ ។
ក្នុងករណីអគ្គិភ័យនេះដែរ កម្លាំងមានសម្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចុះមកអន្តរាគមន៍បាញ់ពន្លត់ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនតែ ១រថយន្តប៉ុណ្ណោះ ដោយបានឆេះបំផ្លាញអស់ម៉ាស៊ីនបោកខោអាវចំនួន ១គ្រឿង ទូរទឹកកក ១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនធំទៀតផងដែរ ។
មតិយោបល់