ព័ត៌មានជាតិ

កាត់ទោសបុរសអាហ្វ្រិចខាងត្បូងមា្នក់ ដែលលេបគ្រឿងញៀនក្នុងពោះ ឆ្លងដែនមកលក់នៅកម្ពុជា

ភ្នំពេញ: លោក គឹម រ័ត្នណារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានបើកសវនាការជាសាធារណ:កាត់ទោសជនជាប់ចោទជនជាតិអាហ្វ្រិចខាងត្បូងម្នាក់ ដែលបានលេបគ្រឿងញៀនប្រភេទកូកាអ៊ីន ជាងកន្លះគីឡូមកលក់នៅកម្ពុជា។

ជនជាប់ចោទមានឈ្មោះ បូថា ចាកូប៊ូល ដាវី (BOTHA JACOBUS DAWE) ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានលោក ស៊ិន វិរ: តំណាងអយ្យការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ កាកូអ៊ីន ចំនួន ៥៨៧.១០ ក្រាម ដែលមានកម្រិតធាតុសុទ្ធ ចំនួន៨១,៥៧% ប្រព្រឹត្តនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការនាព្រឹកនេះ ជនជាប់ចោទបានសារភាពថា ខ្លួនបានស្គាល់ស្ត្រីម្នាក់ឈ្មោះ យូកូ ជាជនជាតិប្រេស៊ីល នៅប្រទេសអាហ្វ្រិចខាងត្បូង។ ជនជាប់ចោទបន្ដថា ស្ត្រីឈ្មោះ យូកូ បានយកគ្រឿងញៀន ប្រភេទកាកូនអ៊ីន ច្រកជាគ្រាប់ ចំនួន ៤២គ្រាប់មកឲ្យខ្លួនលេបចូលក្នុងពោះ និងបានរៀបចំឯកសារឆ្លងដែនមកកម្ពុជា ដើម្បីយកគ្រឿងញៀនទៅឲ្យបុរសជនជាតិ នីហ្សេរីយ៉ា ម្នាក់ដែលចាំទទួលនៅ ផ្ទះសំណាក់ មានលាភថ្មី នៅម្តុំខណ្ឌមានជ័យ។ ប៉ុន្តែមិនទាន់បានទៅដល់ផ្ទះសំណាក់ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង។

លោកវរ:សេនីយ៍ទោ ឈុំ សុភាព បានអនុការិយាល័យ.ក៣ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិបានឲ្យសវនាការដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រទេសថៃ ទើបសមត្ថកិច្ចការិយាល័យរបស់លោកបាន ចាប់ខ្លួនជនជាប់ចោទបាន និងដកហូតបានគ្រឿងញៀនប្រភេទកាកូអ៊ីនចំនួន ៤២គ្រាប់ក្រោយពីជនជាប់ចោទបានជុះអស់។

ទោះជាយ៉ាងណាសំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ខាងមុខ៕

មតិយោបល់