ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់មួយចំនួន នាឱកាសបុណ្យចូលឆ្នាំថ្មី

ប៉ៃលិនៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះពិនិត្យ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ នៅភូមិអូរតាពុក និងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពស ២៥៦១ គស ២០១៧ នាពេលខាងមុខ។

លោក គិត សុវណ្ណា បានឲ្យដឹងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ សាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ និងណែនាំដល់អាជីវករឲ្យបញ្ឈប់នាំទំនិញហួសកាលកំណត់ និងខូចគុភាព ដាក់តាំងលក់នៅលើទីផ្សារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

លោកបន្តថា « កន្លងមកប្រជាពលរដ្ឋតែងតែទិញទំនិញយកទៅប្រើប្រាស់មិនដឹងថា ទំនិញនោះ មានគុណភាព ឬខូចគុណភាពនោះទេ ដែលបញ្ហានេះ សាខាកាំកុងត្រូល និងមន្ត្រីជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋសិស្សានុសិស្ស ឲ្យបានយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ទំនិញខូចគុណភាព និង ចូលរួមទប់ស្កាត់ទំនិញហួសសុពលភាព កុំឲ្យមានលក់នៅលើទីផ្សារតទៅទៀត។

គួរបញ្ជាក់ដែរថា ក្នុងឱកាសចុះត្រួតពិនិត្យទំនិញ សមត្ថកិច្ចសាខាកាំកុងត្រូលខេត្ត បានដកហូតទំនិញខូចគុណភាព មួយចំនួន ពីអាជីវករដើម្បីយកទៅកម្ទេចចោលរួមមាន ទឹកក្រូចដបតូច និងធំ ទឹកក្រូចកំប៉ុង មីកំប៉ុង ទឹកដោះគោជូកូនក្មេង និងនំស្រួយដំឡូង មួយចំនួនធំ៕

មតិយោបល់