ព័ត៌មានជាតិ

រថយន្តហៃឡែនឌ័របុករះរថយន្ត ២គ្រឿង និងម៉ូតូរ៉ឺម៉កលក់កាហ្វេមួយគ្រឿង បណ្តាលឲ្យមនុស្សចំនួន ៣នាក់រងរបួស

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា មានរថយន្តម៉ាកហៃឡែនឌ័រមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បានបើកបុករះរថយន្តចំនួន ២គ្រឿង និងម៉ូតូរ៉ឺម៉កលក់កាហ្វេមួយគ្រឿង បណ្តាលឲ្យមនុស្សប្រុស ស្រីចំនួន ៣នាក់ (ប្រុស២នាក់ ស្ត្រីម្នាក់) រងរបួសធ្ងន់ និងស្រាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ១៥នាទីល្ងាច ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចខាងមុខខារ៉ាអូខេ ឌីយ៉ាម៉ង់ធាល ផ្លូវលេខ ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហៃឡែនឌ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AL-២៧៧៨ មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់កន្លែងកើតហេតុ ក៏បានរេរចង្កូតទៅខាងឆ្វេងដៃ បុករះរថយន្តចំនួន ២គ្រឿង ដែលចតនៅស្ងៀមលើចិញ្ចើមផ្លូវ និងម៉ូតូរ៉ឺម៉កលក់កាហ្វេមួយគ្រឿងទៀត និងបណ្តាលឲ្យមនុស្សប្រុស ស្រីចំនួន ៣នាក់រងរបួសធ្ងន់ និងស្រាលតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ចំនួន ២នាក់ ត្រូវបានបុរសជាអ្នកបើកបររថយន្តបង្ក បញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតគ្រាន់តែរងរបួសរលាត់ដៃ ជើងស្រាលតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ដោយមិនចង់មានរឿងវែងឆ្ងាយនោះក៏មានអ្នកតំណាងភាគីខាងរថយន្តហៃឡែនឌ័របង្ករចេញមុខមកធ្វើការដោះស្រាយបញ្ចប់រឿង ដោយយល់ព្រមសងថ្លៃខូចខាតរថយន្តទាំង ២គ្រឿង ម៉ូតូរ៉ឺម៉កលក់កាហ្វេ និងព្យាបាលដល់ជនរងគ្រោះប្រុស ស្រីទាំង ៣នាក់ផងដែរ ៕

មតិយោបល់