ព័ត៌មានជាតិ

មិនគួរឲ្យជឿ! លោកយាយវ័យជិត៧០ឆ្នាំលក់ស្លាធម៌បាយសី មិនសូវដាច់ បែកគំនិតមកលក់គ្រឿងញៀន

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា លោកយាយវ័យ ៦៧ឆ្នាំ ឈ្មោះ ពៅ សំណាង ធ្លាប់មានមុខរបរ ជាអ្នករៀបចំ និងលក់ស្លាធម៌ បាយសី នៅក្នុងភូមិត្រពាំងឈូក (មុខពេទ្យលោកសង្ឃ) បានសម្រេចចិត្តបន្ថែមមុខរបរប្រចាំថ្ងៃមួយទៀតគឺ លក់គ្រឿងញៀន ដោយសារតែលោកយាយគិតថា តំបន់ត្រពាំងឈូក មានទីផ្សារល្អ សម្រាប់លក់ដូរទំនិញ ដ៏ពេញនិយមប្រភេទនេះ និងមានតម្រូវការទីផ្សារខ្ពស់ ព្រមទាំងអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានងាយស្រួល។

ទោះជាយ៉ាងណា មុខរបរថ្មីរបស់លោកយាយ ដែលតែងតែមាន អតិថិជន គាំទ្រមិនចេះដាច់នោះ មិនបានកាក់កបយូរអង្វែងប៉ុន្មាននោះទេ គឺបានប្រមាណតែរយៈពេលជិត១ឆ្នាំ ប៉ុណ្ណោះលោកយាយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ លោកយាយ ពៅ សំណាង បានសារភាពចំពោះមុខតុលាការថា លោកយាយ បានប្រកបរបរលក់គ្រឿងញៀន បានរយៈ៩ខែមុនពេលត្រូវចាប់ខ្លួន។

លោកយាយថា គាត់មានម៉ូយគ្រឿងញៀនយកគ្រឿងញៀនទៅលក់ឱ្យដល់ផ្ទះ ដោយមិនបាច់ពិបាកនោះទេ ដែលក្នុងមួយកញ្ចប់តម្លៃទិញចូល ពី៥ម៉ឺន ទៅ៦ម៉ឺនរៀល ហើយតម្លៃលក់ចេញគឺ១០ម៉ឺនក្នុងមួយកញ្ចប់។

លោកយាយបញ្ជាក់ថា លុយដែលលក់បានចំណេញលោកយាយ ទុកបម្រុងពេលឈឺ ទិញម្ហូបឲ្យចៅៗហូប និងទុកពេលធ្វើបុណ្យពេលស្លាប់។

នៅក្នុងសេចក្តីសន្និដ្ឋានរបស់លោក ស៊ិន វិរៈ តំណាងអយ្យការបានសម្រេចចោទប្រកាន់លោកយាយ ពៅ សំណាង ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យោងតាមមាត្រា ៤០នៃច្បាប់ស្តី ការត្រួតពិនិត្យគ្រឿងញៀន។

ទោះជាយ៉ាងណា លោក ឌុច សារិន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានី បានសម្រេចលើកពេលប្រកាសសំណុំរឿងនេះទៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ខាងមុខវិញ៕

https://youtu.be/Un8Y3FbTYBQ

មតិយោបល់