ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអំពាវនាវដល់ស្ថាប័នតុលាការឱ្យជំរុញការជម្រះក្តី លើសំណុំរឿងបទល្មើសព្រៃឈើ របស់កម្មវិធីការពារ និងអភិរក្សព្រៃជីវចម្រុះសីម៉ាឱ្យបានឆាប់ ព្រោះវត្ថុតាងបទល្មើសដែលបានឃាត់ទុកទាំងនោះ កំពុងខូចខាតជាបណ្តើរៗហើយ។
ការអំពាវនាវទៅស្ថាប័នតុលារនេះបានធ្វើឡើង ខណៈពេលដែលលោករដ្ឋមន្រ្តីបានដឹកនាំមន្រ្តីជំនាញ និងមន្រ្តីអ្នកមុខអ្នកការពាក់ព័ន្ធ ចុះទៅពិនិត្យវត្ថុតាងបទល្មើសព្រៃឈើដែលត្រូវកម្លាំងមានសមត្ថកិច្ចរឹបអូសបានក្នុងសកម្មភាពបង្រ្កាប ល្បាត និងការពារព្រៃឈើកាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៦ កន្លងទៅនេះនៅទីស្នាក់កម្មវិធីព្រៃការពារនិងអភិរក្សជីវចម្រុះសីម៉ាខេត្តមណ្ឌលគិរី ដែលសម្ភារៈទាំងនោះរួមមាន មធ្យោបាយដឹកជញ្ជូន (រថយន្ត ម៉ូតូ) រាប់រយគ្រឿង រណាយន្ត និងឈើជាដើម។
នៅក្នុងសកម្មភាពចុះពិនិត្យនោះដែរ លោក វេង សាខុន បានវាយតម្លៃចំពោះការខិតខំរបស់មន្រ្តីរដ្ឋបាលព្រៃឈើនៃកម្មវិធី ដែលបានតស៊ូបំពេញការងារ លះបង់ខ្ពស់ក្នុងការការពារព្រៃ ការពារនិងអភិរក្សចម្រុះសីម៉ាដោយធ្វើសកម្មភាពល្បាត ត្រួតពិនិត្យ និងបង្រ្កាបបតល្មើសព្រៃឈើបានរាប់ពាន់ករណី និងសង្រ្គោះសត្វព្រៃជាច្រើនទៀតផង។
យ៉ាងណាលោករដ្ឋមន្រ្តីសុំឱ្យមន្រ្តីរដ្ឋបាលព្រៃឈើប្រចាំការ និង មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សា ការពារធនធានធម្មជាតិ ក៏ដូចជាជីវចម្រុះរបស់យើងឱ្យគង់វង្ស ពិសេសយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពក្នុងពេលចុះបំពេញការងារ។
ទាក់ទិនទៅនិងសកម្មភាពកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោករបស់រដ្ឋមន្រ្តី វេង សាខុន យ៉ាងមាញឹកកន្លងទៅនេះ ក៏មានសាធារណៈជនដែលតាមដានសកម្មភាពរបស់រដ្ឋមន្រ្តីរូបនេះដោយយកចិត្តទុកដាក់ មានអ្នកខ្លះបញ្ចេញជាមតិយោបល់(Comment) ជាសារនៅក្នុងគេហទំព័ររបស់ក្រសួងផ្ទាល់ដូចជា ម្ចាស់គណនេយ្យ Facebook ឈ្មោះ ខ្មែរ តេជោ បានសរសេរថា ”សូមគោរពជូនពរឯឧ.រដ្ឋមន្ត្រី វេង សាខុន ក្នុងការតែងតាំងជាថ្នាក់ដឹកនាំស្ថាប័ន កសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើការកែទម្រង់ស៊ីជំរៅលើរបៀបធ្វើការងារឲ្យមានប្រសិទ្ឋភាពខ្ពស់និងបង្កើនកិច្ចការពារ -អភិវឌ្ឍ តាមទិសដៅយុទ្ឋសាស្ត្រចតុកោណរបស់សម្តេចតេជោ ហុ៑នសែន នាយករដ្ឋមន្ត្រី!”។
ចំណែកម្ចាស់គណនេយ្យឈ្មោះ Vinna Bou បានសរសេរថា “សូមកុំដោះស្រាយតែឈើដែលស្រួលលក់ ហើយចោលរថយន្តរាប់សិបគ្រឿង និងម៉ូតូរាប់រយឬពាន់គ្រឿងបើគិតជាតម្លៃអាចដល់រាប់ពាន់លានរៀលឬរាប់សែនដុល្លារ។ លោកវេងសាខុនកុំនិយាយតែមាត់ចោល ហើយគ្មានសកម្មភាព។យើងនឹងតាមដានរឿងនេះ”។
គួររំលឹកថា កន្លងមកសកម្មភាពបង្រ្កាបបទល្មើសព្រៃឈើកើតមានជាហូរហែ ក្នុងនោះមានទាំងចាប់បានមធ្យោបាយដឹកជញ្ជូន មានរថយន្តគ្រប់ប្រភេទ ម៉ូតូ រទេះគោជាដើម ប៉ុន្តែគេក៏សង្កេតឃើញថាមានបទល្មើសខ្លះចាប់ដើម្បីបំពេញមុខតែប៉ុណ្ណោះ ក៏មានករណីលួចលាក់ដោះលែងជាថ្នូរនិងលាភសក្ការៈ ឬក្រោមឥទ្ធិពលបុគ្គលមានអំណាចជាដើម។ល។ ដែលធ្វើឱ្យបទល្មើសនេះនៅតែកើតមានជាហូហែរ ហើយធនធានធម្មជាតិក៏ចេះតែហិនហោចទៅពីមួយ ថ្ងៃទៅមួយថ្ងៃផងដែរ។
ដូច្នេះសាធារណៈជន គេរង់ចាំមើលថាតើសកម្មភាពកំណែទម្រង់ស៊ីជម្រៅរបស់លោករដ្ឋមន្រ្តីថ្មីនេះ មានប្រសិទ្ធភាពកម្រិតណា ហ៊ានកាត់សាច់ស្អុយ ឬហ៊ានលះបង់បុណ្យសក្កិក្នុងសកម្មភាពបំពេញបេសកកម្មការពារផលប្រយោជន៍ជាតិ ដូចអ្វីដែលលោកធ្លាប់បានអះអាងដែរឬទេ ឬមួយក៏ឌៀតែខ្នូច(កោកៗសឹកមាត់ត្រដោក ឆ្អែតពោះក្របី)៕
មតិយោបល់