ព្រះសីហនុៈ លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខេត្ត រួមជាមួយនគរបាលក្រុងព្រះសីហនុ និងនគរបាលសង្កាត់លេខ៤ បានសហការគ្នាព័ទ្ធចាប់ មុខសញ្ញាឆក់សម្ភារៈភ្ញៀវទេសចរណ៍ បានចំនួន២នាក់ នៅតំបន់ឆ្នេរអូរត្រេះ២ សង្កាត់លេខ៤ក្រុង ដែលធ្វើសកម្មភាពឆក់យកកាបូបរបស់ភ្ញៀវទេសចរណ៌ ជនបរទេស ទុកនៅលើឆ្នេរខ្សាច់ ហើយចុះងូតទឹកសមុទ្រ។
លោកបានបន្តថា ជនសង្ស័យទី១មានឈ្មោះ វ៉ាន់ រស់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកឆក់យក មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ជាកូនកំព្រា និងទី២ឈ្មោះ ពៅ ប៊ុនហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូ ។
តាមចម្លើយរបស់ ឈ្មោះ ពៅ ប៊ុនហួត បានឆ្លើយសារភាពថា កន្លងមកធ្លាប់ធ្វើសកម្មភាពឆក់យកសម្ភារៈរបស់ភ្ញៀវជនបរទេស នៅឆ្នេរអូរត្រេះម្តងមកហើយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ម៉ោង៤រសៀល ជាមួយឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ម្តងហើយដែរ។ ក្នុងនោះវត្តុតាងដកហូតបានមាន៖ កាបូបស្ពាយពណ៌ខ្មៅ១ ស្រោមដាក់កាមេរ៉ាថតរូបពណ៌ខ្មៅ១,ម៉ាស៊ីនថតរូប ម៉ាកណូគា១គ្រឿង(ផលចោរកម្ម) និងម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៦ គ្មានស្លាកលេខ មធ្យោបាយជិះធ្វើសកម្មភាព៕
មតិយោបល់