បន្ទាយមានជ័យៈ មន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅបានឃាត់រថយន្តមួយគ្រឿង ដែលដឹកជ្រូកសង្ស័យនាំចូលពីប្រទេសវៀតណាមមកចែកចាយក្នុងក្រុងប៉ោយប៉េត ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនិងគ្មានវិញ្ញបនប័ត្របញ្ជាក់អនាម័យ សុខភាពសត្វ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការឃាត់ចាប់នេះធ្វើឡើង ដើម្បីធានាដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តដែលទទួលទានសាច់ជ្រូក ពិសេសធានានិងកម្ពស់ដល់ទីផ្សារប្រជាកសិករយើងដែលចិញ្ចឹមជ្រូក។
មួយវិញទៀតគឺជា ការអនុវត្តនូវវិធានការក្តៅរបស់លោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្នុងការទប់ស្កាត់ បង្ក្រាបការចរាចរសត្វដោយខុសច្បាប់ដែលនាំពីបរទេសពិសេសពីប្រទេសវៀតណាម។
លោកបន្តថា រថយន្ត១គ្រឿងដែលបានឃាត់មានម៉ាកហ៊ីយាន់ដាយកង់៦ ពាក់ស្លាកលេខកំពង់ចាម 3A-1491 បើកបរដោយឈ្មោះ ព្រំ គង់ ភេទប្រុស លំនៅភូមិស្អំ ឃុំក្រែក ស្រុកពញ្ញក្រែក ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម ដឹកជ្រូកសាច់ចំនួន៤០ក្បាល។ ក្រោយការឃាត់ចាប់សមត្ថកិច្ចជំនាញបានធ្វើការបូមឈាមយកទៅធ្វើការពិសោធន៍។
សូមបញ្ជាក់ថា ក្រោយពីបញ្ជូនសំណាកវិភាគទៅមន្ទីរពិសោធន៍រួចមកជ្រូកទាំងអស់មិនត្រូវបានគេរកឃើញមានផ្ទុករោគសញ្ញាជំងឺឆ្លងជ្រូកត្រចៀកខៀវនឹងជំងឺប៉េះនោះទេ។ តែដោយអនុវត្តន៍ទៅតាមច្បាប់ជំពូកទី២០មាត្រាទី១១៣ត្រង់ចំណុចទី១១ស្តីពីការចរាចរសត្វឬផលិតផលសត្វក្នុងផ្ទៃប្រទេសដែលមិនអនុវត្តតាមបទដ្ឋានបច្ចេកទេសបសុព្យាបាល ដូចមានចែងក្នុងមាត្រា៥៨នៃច្បាប់ ការិយាល័យបសុព្យាបាលខេត្តដែលជានគរបាលយុត្តិធម៌បានធ្វើការផាកពិន័យជាប្រាក់១០លានដាក់ចូលទៅកញ្ចប់ថវិកាជាតិ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដឹកជញ្ជូនចរាចរដោយគ្មានការលិខិតអនុញ្ញាតនិងពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ ដើម្បីធានាបាននូវសុខមាលភាពប្រជាពលរដ្ឋទូទៅ៕
មតិយោបល់